សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា ដែលបានឈ្នះមេដាយ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹក នៅថៃ
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា ម៉ីន មូសស្ដាន ដែលបានឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹក JET SKI WORLD SERIES 2023 លើវិញ្ញាសា EXPERT SKI GP នៅព្រះរាជាណាចក្រថៃ ។
ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានអបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា ដែលបានឈ្នះមេដាយចំនួន ៣រូបផ្សេងទៀត រួមមាន៖ កីឡាករ សាលី ហ្វីលីន ដែលបានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹក JET SKI WORLD SERIES 2023 លើវិញ្ញាសា RUNABOUT 1100 LIMITED, កីឡាករម៉ូតូទឹកកម្ពុជា ម៉ីន អូស្មាន់ ដែលបានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹក JET SKI WORLD SERIES 2023 លើវិញ្ញាសា NOVICE SKI STOCK និងកីឡាករម៉ូតូទឹកកម្ពុជា កៃវ៉ាន់ ស៊ីដែន ដែលទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹក JET SKI WORLD SERIES 2023 លើវិញ្ញាសា NOVICE SKI STOCK ។
ចំពោះវីរៈកីឡាករ សាលី អ៊ូម៉ើត ត្រូវប្រកួតនៅថ្ងៃទី១៦ និងទី១៧ លើវិញ្ញាសា Ski 1100 Open និង វិញ្ញាសា Ski Endurance ជាមួយនឹងកីឡាករខ្លាំងជាង៦០នាក់ មកពី៦០ប្រទេស ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួត Jet Ski World Series 2023 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ចាប់ពីថ្ងៃទី១៣ដល់ទី១៧ ខែធ្នូ ឆ្នាំ២០២៣ កម្ពុជា បានបញ្ជូនកីឡាករ ៦នាក់ចូលរួម មានវីរៈកីឡាករ សាលី អ៊ូម៉ើត ,សាលី ហ្វីលីន ,កៃ វ៉ាន់ស៊ីដែន ,មីន ម៉ូស្តាន់ ,មីន អូស្មាន់ និងកីឡាករវ័យក្មេង សារ៉ាយ សុខមុន្នី មកពីក្លឹប Angkor Jet Ski ៕
ដោយ ៖ ស៊ូ វណ្ណលុក