លោក ពូទីន ប្តេជ្ញាយកជ័យជំនះក្នុងសង្គ្រាមអ៊ុយក្រែន

មូស្គូ៖ លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្តេជ្ញាថា នឹងយកជ័យជម្នះក្នុងសង្គ្រាមអ៊ុយក្រែន ពោលគឺមួយសប្តាហ៍បន្ទាប់ពីលោកប្រកាសឈរឈ្មោះប្រធានាធិបតីរុស្ស៊ីសម្រាប់អាណត្តិថ្មី ដែលយ៉ាងហោចណាស់ដល់ឆ្នាំ២០៣០។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងក្នុងកម្មវិធីមួយចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ថា គោលដៅដើមរបស់គាត់នៅអ៊ុយក្រែន មិនផ្លាស់ប្តូរទេ និងថា កងកម្លាំងរុស្ស៊ីកំពុងកែលម្អជំហររបស់ខ្លួននៅសមរភូមិជួរមុខភាគច្រើន។

លោក ពូទីន បន្ថែមថា រុស្ស៊ីនឹងបន្តសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន លុះត្រាតែទីក្រុងគៀវសម្រេចបានកិច្ចព្រមព្រៀង ដែលគិតគូរពីកង្វល់សន្តិសុខរបស់ទីក្រុងមូស្គូ ដោយលោកបានបន្ថែមថា ក្នុងករណីណាក៏ដោយ ប្រតិបត្តិការយោធាពិសេសនឹងសម្រេចគោលបំណងរបស់វា។

មេដឹកជើងចាស់រុស្ស៊ីវ័យ ៧១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា លោកប្រាកដថា ជ័យជម្នះនឹងក្លាយជារបស់រុស្ស៊ីនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន និងថា ទណ្ឌកម្មរបស់លោកខាងលិច និងភាពឯកោអន្តរជាតិ បានបង្កផលប៉ះពាល់តិចតួចប៉ុណ្ណោះ ដល់សេដ្ឋកិច្ច ឬសីលធម៌របស់ប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា រុស្ស៊ីបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការបញ្ជូនកងទ័ពចូលទៅលុកលុយទឹកដីប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner