ព្រិលធ្លាក់នៅព្រះរាជវាំងបុរាណចិន Forbidden City ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើន
ប៉េកាំង៖ ព្រះបរមរាជវាំងហាមឃាត់ ឬ Forbidden City មានទីតាំងស្ថិតនៅកណ្ដាលរដ្ឋធានីប៉េកាំង ក្លាយជាទីតាំងស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន នៅពេលដែលអាកាសធាតុដ៏ត្រជាក់ បាននាំមកនូវព្រិលធ្លាក់គ្របដណ្តប់ស្ទើរពាសពេញប្រទេសចិន។
អាកាសធាតុដ៏ត្រជាក់ នៅថ្ងៃសុក្រសប្តាហ៍នេះ បានបន្តគ្របដណ្តប់លើប្រទេសចិន ជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះដល់ក្រោមសូន្យ ស្ទើរតែនៅទូទាំងប្រទេស ដែលបណ្តាលឲ្យអាជ្ញាធរចេញការកំណត់កម្រិតធ្វើចរាចរណ៍ តាមផ្លូវហាយវេក្នុងខេត្តមួយចំនួន។ រលកត្រជាក់កំពុងរំកិលឆ្លងកាត់ប្រទេសចិន ពីភាគខាងជើងទៅខាងត្បូង ហើយត្រូវបានគេរំពឹងថា នឹងអូសបន្លាយរហូតដល់ចុងសប្តាហ៍។

ជាមួយគ្នានេះ ព្រះបរមរាជវាំងហាមឃាត់ ដែលកសាងឡើងដំបូងនៅរវាងឆ្នាំ ១៤០៧-១៤២០ កំពុងស្រូបទាញភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្តសប្បាយ និងផ្តិតយករូបភាពដ៏កម្រ ខណៈដែលព្រះរាជវាំងដ៏ធំស្កឹមស្កៃរបស់ប្រទេសចិននេះ គ្របដណ្តប់ដោយព្រិលធ្លាក់យ៉ាងស្រស់ស្អាត។
គួរបញ្ជាក់ថា ព្រះបរមរាជវាំងហាមឃាត់ ឬ Forbidden City ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ១៩៨៧ ហើយបច្ចុប្បន្នត្រូវបានរដ្ឋាភិបាលចិន ប្រែក្លាយទៅជាសារមន្ទីរជាតិដ៏ធំមួយ ដែលអាចស្រូបទាញវត្តមានភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ ឱ្យទៅទស្សនាជាប់ប្រចាំ រួមចំណែកលើកស្ទួយវិស័យទេសចរណ៍របស់ចិនយ៉ាងខ្លាំងសម្បើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា




