កងទ័ពវៀតណាម ខេត្តប៊ីញភឿក និង ខេត្តកំពង់ធំ បន្តប្រតិបត្តិការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម វិលត្រឡប់ទៅកាន់មាតុប្រទេសវិញ

(កំពង់ធំ)៖ គណកម្មការឯកទេសជីករុករកអដ្ឋិធាតុកងទ័ពវៀតណាម ខេត្តប៊ីញភឿក នៃសាធាររដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយវរសេនីយ៍ឯក ង្វៀន ថាញ់រួន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំប្រតិភូមកប្រជុំពិភាក្សាការងារ និងចុះអនុស្សរណៈ ស្ដីពីកិច្ចសហប្រតិបត្តិការបន្តជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីវិលត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំក្រោមអធិបតីភាពលោក សុក ហៃ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការឯកទេសជីករុករកអដ្ឋិធាតុខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាមួយក្រុមបច្ចេកទេសជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម K៧០ និង K៧២ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ គិតពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២៣នេះ នៅខេត្តកំពង់ធំ លទ្ធផលជីកយកបាននិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ១.១៥២អដ្ឋិធាតុរួចមកហើយ ។

លោកវរសេនីយ៍ឯក ង្វៀន ថាញ់រួន និងប្រតិភូ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួយប្រជាពលរដ្ឋកម្ពុជា ដែលបានសហការបង្កលក្ខណៈងាយស្រួលក្នុងសកម្មភាពមនុស្សធម៌ ដើម្បីក្រុមបច្ចេកទេសជំនាញK៧០និងK៧២ ជីករុករកនិងធ្វើមាតុភូមិអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ទៅកាន់ប្រទេសវៀតណាមវិញទទួលបានលទ្ធផលល្អប្រសើរ ។

ឯកឧត្ដម សុក ហៃ ក្នុងនាមអាជ្ញាធរដែនដី និងគណៈកម្មការ ជីករុករកអដ្ឋិធាតុកងទ័ពវៀតណាម នៅលើទឹកដីខេត្តកំពង់ធំ បានប្តេជ្ញាចិត្តផ្សព្វផ្សាយ និងសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ រួមជាមួយប្រជាពលរដ្ឋ ដើម្បីបន្តសហការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា ឲ្យទទួលបានលទ្ធផលល្អ ដើម្បីនាំយកអដ្ឋិធាតុទៅប្រគល់ជូនក្រុមគ្រួសារសាច់ញាតិរបស់បងប្អូន ដែលកំពុងរង់ចាំនៅប្រទេសវៀតណាមវិញ ៕

ដោយ ៖ ប៊ុន រដ្ឋា

ads banner