យុវជន និងអ្នកនិពន្ធចាត់ទុក ការអានតែងបានជួយឱ្យមនុស្សយើងមានចំណេះដឹងខ្ពង់ខ្ពស់ ឆ្លាតវៃ និងអាចក្លាយជាអ្នកខ្លាំង

(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់សមត្ថភាពចំណេះដឹង និង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការសិក្សាក៏ដូចជាការបំពេញការងារនោះ ក្រុមយុវជន និងអ្នកនិពន្ធ បានចាត់ទុកថា ការមានទម្លាប់អានតែងជួយឱ្យមនុស្សយើងមានសមត្ថភាពខ្ពស់ ចំណេះដឹងទូលំទូលាយ ក្នុងនេះមិនថាការរស់នៅ ការបំពេញការងារទេ តែងពោរពេញទៅដោយសមត្ថភាពចំណេះដឹង។
ជាមួយការយល់ឃើញផលល្អក្នុងការអានសៀវភៅនេះដែរក្រុមយុវជនក៏បានជំរុញឱ្យមានការបណ្តុះវប្បធម៌នៃការអាន និងទម្លាប់ការអានក្នុង ចំណោមស្រទាប់ពលរដ្ឋខ្មែរ ជាពិសេសក្នុងចំណោមកុមារតាំងតែពីតូចៗមកតែម្តង ។

កង្វះទម្លាប់អានសៀវភៅត្រូវបានក្រុមយុវជន និងអ្នកនិពន្ធចាត់ទុកថា គឺជាគុណវិបត្តិធំមួយដែលគេមិនគួរមើលរំលងវា សោះឡើយ ហើយត្រូវទំលាក់ចោលទម្លាប់ខ្ជះខ្ជាយពេលវេលាធ្វើរឿងអត់ប្រយោជន៍ផ្សេងៗមកជាទម្លាប់ការអានជំនួសវិញ ។

ក្នុងពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១០ ឆ្នាំ២០២៣ដែលរៀបចំឡើងក្រោមប្រធានបទ «សរសេរចំណាន អាចចំណាប់ ចាប់យកចំណេះ» នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ ក្នុងរយ:ពេល៤ថ្ងៃពោលគឺ ចាប់ពីថ្ងៃទី១៤ -១៧ ខែធ្នូ ឆ្នាំ ២០២៣ យុវតី ប៊ន ម៉ី ម៉ី ដែលបានចូលរួមទស្សនានៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣នេះបានចាត់ទុកថា៖ជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់យុវជន។ ពិព័រណ៍សៀវភៅថ្នាក់ជាតិនេះដែរបានធ្វើឱ្យយុវជន និងសូម្បីតែ កុមារ ងាកមកចាប់អារម្មណ៍ការអានកាន់តែច្រើនឡើង ។

យុវតី ប៊ន ម៉ី ម៉ី ដែលសព្វថ្ងៃសិក្សានៅសាលារៀនអន្តរជាតិឃើមុលបានលើកឡើងដែរថា៖ការអានពិតជាមានសារៈសំខាន់មែនទែនសម្រាប់យុវជនសតវត្សទី២១នេះដោយសារតែយើងត្រូវការសិក្សាពេញមួយជីវិត។ការអានវាបានផ្តល់ចំណេះដឹងយើងជ្រៅជ្រះ មានចំណេះដឹងទូលំទូលាយធ្វើឱ្យមិនថាការនិយាយស្តី ការសិក្សា ការធ្វើការងារទេប្រកបដោយគុណភាព និងចំណេះដឹងសម្រាប់ប្រកួតប្រជែងជាមួយអ្នកដទៃ។

កញ្ញា យង់ថៃ យុវនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឱ្យដឹងថា៖ការអានបានផ្តល់ចំណេះដឹងទូលំទូលាយ ធ្វើឱ្យយើងស្គាល់ពិភពលោក ជួយឱ្យយើងស្គាល់សង្គម និងក្រុមមនុស្សកាន់តែច្រើនឡើង។ក្រៅពីនេះជួយឱ្យយើងមានទម្លាប់ល្អ និងអ្វីកាន់តែពិសេសជាងនេះគឺវាបាន ជួយឱ្យការគិតរបស់យើងបានល្អជាងមុនជាដើម។

កញ្ញាបានលើកឡើងជុំវិញការអាននេះដែរថា “កាលពីមុនមិនទាន់មានទម្លាប់អានខ្ញុំគិតមិនសូវបានល្អទេ ពីបរិយាកាសសង្គមក៏ពុំសូវដឹងច្រើនដែរ ។ ទម្លាប់ក៏ពុំសូវល្អដែរ។ នៅពេលអានទៅខ្ញុំទម្លាប់ល្អជាមុន ដឹងពីសង្គម ដឹងពីពិភពលោក និងពិសេសការគិតបានស៊ីជំរៅជាងមុនច្រើន”។

ដូចគ្នានេះ កញ្ញា បូ ស្រីលីនបានឱ្យដឹងថា៖សៀវភៅបានបង្កប់ដោយចំណេះដឹង ហើយការអានប្រៀបដូចជាយើងបានប្រឡូកក្នុងសង្គមបានច្រើនដែរពីព្រោះថាសៀវភៅបានធ្វើឱ្យស្គាល់រឿងរាវសង្គម ពិភពលោក ។សៀវភៅបង្រៀននិងតម្រង់ទិសយើង។ ហេតុនេះយុវជនមិនអាចខ្វះការអានបានឡើយ។យុវជនគួររកពេលវេលាអានសៀវភៅឱ្យបានច្រើនកាលណាគឺកាន់តែល្អកាលនោះផងដែរ។

កំពុងចូលរួមក្នុងពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១០ ឆ្នាំ២០២៣នេះដែរ កញ្ញា ហេង ធិតាមុនិ បានឱ្យដឹងថា៖ការអានវាមិនត្រឹមតែផ្តល់នូវចំណេះដឹងថ្មីៗ បំបាត់អាការតានតឹងអារម្មណ៍ទេ ប៉ុន្តែវាក៏បានជួយបំពេញចន្លោះខ្វះខាតចំណេះដឹងរបស់យើងឱ្យកាន់តែប្រសើរឡើងដែរ ។ បើប្រៀបធៀបអ្នកមិនទម្លាប់អាន និងអ្នកអានសៀវភៅឃើញថា ខុសគ្នាច្រើនពីព្រោះថាអ្នកអានតែងមានសមត្ថភាពវាងវៃ និងឈ្លាសវៃក្នុងការដោះស្រាយបញ្ហាចំពោះមុខ ។

ដោយឡែក លោក ឡាំ លីម ជាអ្នកនិពន្ធប្រចាំនៅក្នុងគ្រឹះស្ថានកូនចាបមាសបានឱ្យដឹងថា៖យុវជនសម័យថ្មីមានទម្លាប់ការអានច្រើនឡើង។ តាមរយៈការអានច្រើននេះដែរបានធ្វើឱ្យយុវជនសម័យនេះមានសមត្ថភាព មានចំណេះដឹងទូលំទូលាយ និងប្រកបដោយបញ្ញាវាងវៃមិនចាញ់យុវជនបរទេសឡើយ។

លោក ស៊ូ សុភក្រ្តា និពន្ធនាយក និងអ្នកនិពន្ធមួយរូបប្រចាំគ្រឹះស្ថានហាតប៊ុក បានឱ្យដឹងថា ៖ អ្នកនិពន្ធម្នាក់ៗដែលសរសេរសៀវភៅនីមួយៗតែងមានបទពិសោធន៍ និងស្គាល់សង្គមច្រើន ហេតុនេះនៅពេលសរសេរសៀវភៅណាមួយតែងបង្កប់នូវខ្លឹមសារល្អៗ ដែលជួយដឹកនាំយើងទៅកាន់ការរីកចម្រើន។បើប្រៀបធៀបអ្នកមិនអានគាត់នឹងដឹងតែមួយរង្វង់តូចមួយប៉ុណ្ណោះ មិនដូចអ្នកអានច្រើនគាត់ទទួលបានចំណេះដឹងថ្មីៗនិងមានចំណេះដឹងទូលំទូលាយ។

គួរបញ្ជាក់ថាតាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញកន្លងមកបានបង្ហាញថាការអានច្រើនក្រៅពីផ្តល់ចំណេះដឹងហើយនៅបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀតដល់យើង ក្នុងនេះដូចជា៖កាន់តែធ្វើឱ្យឆ្លាតវៃ ជួយបង្កើនថាមពលខួរក្បាល ជួយកាត់បន្ថយអាការភ្លេចភ្លាំងនៅពេលចាស់ ជួយបន្ធូអារម្មណ៍តានតឹង ជួយឱ្យការកាត់សេចក្តីអ្វីមួយបានត្រឹមត្រូវច្រើន ជួយឱ្យដេកលង់លក់ស្រួលជាដើម៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព៖ ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner