លទ្ធផលនៃជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង ប្រធានគណៈ កម្មាធិការអចិន្ត្រៃយ៍សន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយ នៅអាស៊ី និងជាអតីតរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ គណៈប្រតិភូសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្ស នយោបាយនៅអាស៊ី (ICAPP) ដឹកនាំដោយ ឯកឧត្តម ជុង អ៊ីយ៉ុង ប្រធាន ICAPP បានមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១២-១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បី ពិភាក្សាអំពី «ការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី១២» របស់គណបក្សប្រជាជនកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងឱកាសស្នាក់នៅកម្ពុជា គណៈប្រតិភូបានជួបសម្តែងការគួរសមជាមួយនឹង សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជា អនុប្រធាន ICAPP និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី និងជាអនុប្រធានគណបក្ស។

ឯកឧត្តម ជុង អ៊ីយ៉ុង បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ គណបក្ស ប្រជាជនកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែង ឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិតជាបានរួម ចំណែក យ៉ាងសកម្ម ក្នុងគំនិតផ្តួចផ្តើមគាំទ្រនិងពូនជ្រំកិច្ចសហប្រតិបត្តិ ការ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅអាស៊ី។ ចាប់ពីថ្ងៃបង្កើត ICAPP នៅឆ្នាំ២០០០អង្គការនេះបានក្លាយជាវេទិកានយោបាយកាន់តែមានឥទ្ធិពល និងមានសារៈសំខាន់ចាំបាច់ ក្នុងសភាពការណ៍ពិភពលោក នៃ ការ ប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល់។ គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូល រួមដឹក នាំស្ថាប័ន ICAPP ក៏ដូចជាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) របស់ ICAPP ដើម្បីការតភ្ជាប់វប្បធម៌ចម្រុះនៅអាស៊ី និងពិភពលោកតាមរយៈ កិច្ចសន្ទនា ការយោគយល់គ្ន និង ការគោរពគ្នា ជាពិសេសការបង្កើត ភាពជា ដៃគូជាមួយនឹងអង្គការ យូណេស្កូ(UNESCO)។

សេចក្តីប្រកាសដដែលបានឱ្យដឹងថា មហាសន្និបាត ICAPP លើក ទី១២ និង កិច្ចប្រជុំពាក់ព័ន្ធរួមមាន កិច្ច ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៤២ កិច្ចប្រជុំក្រុមប្រឹក្សា វប្បធម៌អាស៊ីលើកទី៣ វេទិកា សារព័ត៌មាន ICAPP លើកទី៧ នៅកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៤ នឹង ក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំនិងជោគជ័យមួយបន្ថែមទៀតនៃការជួបជុំមហា គ្រួសារគណបក្សនយោបាយនៅអាស៊ី តំណាង ឱ្យ៥២ ប្រទេស និងស្ថាប័នជាដៃគូមកពីតំបន់ផ្សេងៗ។

សូមបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជា នឹងក្លាយជាគណបក្ស ទីមួយរបស់ ICAPP ដែលបានទទួលធ្វើម្ចាស់ផ្ទះមហា សន្និបាត ICAPP ចំនួន២លើក ដែលលើកទី១ គឺមហាសន្និបាត ICAPP លើកទី៦ នៅ ឆ្នាំ២០១០ ក្រោមការ ដឹកនាំផ្ទាល់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន។ ដូច្នេះហើយ សម្តេចតេជោ បានសម្រេចប្រគល់ ភារកិច្ចជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជា ប្រធានមហាសន្និបាត ICAPP លើកទី១២ ដើម្បីបន្តប្រពៃណីនៃការដឹកនាំអង្គមហាសន្និបាត ICAPP។

គណបក្សប្រជាជនកម្ពុជា នឹងជំរុញអង្គការ ICAPP បង្កើនតួនាទីយុវជន និងជំរុញបរិវត្តកម្មឌីជីថលនៅ ក្នុងការតភ្ជាប់សង្គមនិងសេដ្ឋកិច្ច ហើយ បន្តចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីទ្វីបអាស៊ីប្រកបដោយសន្តិភាព និងវិបុលភាព និងចង់ឃើញ ឧបទ្វីបកូរ៉េមានសន្តិភាពយូរអង្វែង។

គណៈប្រតិភូ ICAPP វាយតម្លៃខ្ពស់ចំពោះដំណើរការប្រជាធិបតេយ្យនៅ កម្ពុជាដែលមានភាពចាស់ទុំ និង ការផ្ទេរអំណាចទៅអ្នកបន្តវេនដោយ សន្តិភាព ហើយមានសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដោយអ្នកបន្តវេន របស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល អាណត្តិទី៧ និងជាអនុ ប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជា នឹងសម្រេចបាននូវ សមិទ្ធផលថ្មីៗបន្ថែម ទៀត សម្រាប់ជាតិនិងប្រជាជនកម្ពុជា តាមរយៈ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ហើយកម្ពុជានឹងដើរតួនាទីកាន់ តែសំខាន់សម្រាប់តំបន់នឹងពិភពលោកទាំងក្នុង វេទិកាអន្តរគណបក្ស រដ្ឋាភិបាល និងសភា។

នៅក្នុងឱកាសនេះផងដែរ គណ:ប្រតិភូ ICAPP ក៏បានធ្វើទស្សនកិច្ច នៅវិមាន៧មករា ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីតាំងនៃមហាសន្និបាត ICAPP លើកទី១២៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner