ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន៖ ព្រះពុទ្ធសាសនា ជាសាសនា សន្តិភាព អហិង្សា ស្មារតីបម្រើមនុស្សជាតិ ដែលចាំបាច់ត្រូវតែលើកកម្ពស់

(ភ្នំពេញ)៖ នាពេលបច្ចុប្បន្នមេដឹកនាំនៃបណ្តាប្រទេសជាច្រើន ជាពិសេសប្រទេសមហាអំណាចធំៗបានយល់ឃើញស្របគ្នាថា ព្រះពុទ្ធសាសនា ជាសាសនានៃសន្តិភាព អហិង្សា និងស្មារតីបម្រើមនុស្សជាតិ ដែលចាំបាច់ត្រូវតែលើកកម្ពស់សាសនាមួយនេះ។

នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ក្នុងឱកាសនៃពិធីបិទអនុសំវច្ឆរមហា សន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានជម្រាបជូនថា ពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី ៣១នេះ ក្រសួងធម្មការនិងសាសនា ក៏ដូចជាគណៈសង្ឃ ទាំងពីរគណៈ បានបន្តគាំទ្រ ឥតងាករេ និងជឿជាក់ យ៉ាងមុតមាំចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កម្ពុជា និងបន្តគាំទ្រនៅអាណត្តិបន្តបន្ទាប់ខាងមុខទៀត ។

ក្នុងពិធីនេះដែរ សម្តេចសង្ឃទាំង ២គណៈ នៃគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ បានសម្រេចជាឯកឆ្ទ័ននូវសង្ឃប្រកាសរួម ក្នុងការពង្រឹងវិស័យសាសនា,កែលម្អបន្ថែមលើវិន័យសង្ឃ បន្តលើទឹកចិត្តមន្រ្តីសង្ឃនិងព្រះសង្ឃនៅទូទាំងប្រទេស ដើម្បីចុះអប់រំសីលធម៌ ចរិយាធម៌និងធម្មវិជ្ជាដល់កុលបុត្រ កុលធិតាក្នុងស្ថាប័នអប់រំ, បង្កើតសាសាធម្មវិន័យពុទ្ធិកសិក្សា, ពង្រឹងសាមគ្គីភាព, ពិសេសវិស័យសង្ឃក្នុងការផ្សព្វផ្សាយគ្រប់រូបភាពតាមប្រព័ន្ធសង្គមដូចជា FACEBOOK YOUTUBE TIKTOK ជាដើម ។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះ ក្រសួងធម្មការ និងសាសនា លើការវិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងវិស័យសាសនា ក្នុងការរក្សាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា ។ ការអប់រំតាមរយៈព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ លើការរីកចម្រើនខាងសម្ភារៈ និងស្មារតី ស្ថិតក្នុងក្របខណ្ឌនៃច្បាប់ យុត្តិធម៌ សមធម៌ សុជីវធម៌ និងគុណធម៌ ។ ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ព្រះពុទ្ធសាសនាចូលក្នុងកម្មវិធីអបរំតាមសាលារៀនរដ្ឋ និងឯកជនផងដែរ ។

ឯកឧត្តម បណ្ឌិតសភាចារ្យ បាននាំយកថវិកាមួយចំនួនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនដល់គណៈកម្មការនៅក្នុងរៀបចំកម្មវិធីនាឱកាសនេះផងដែរ ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner