ផ្ទុះបាតុកម្ម ក្រោយទាហានអ៊ីស្រាអែល ច្រលំបាញ់សម្លាប់ចំណាប់ខ្មាំង នៅហ្គាហ្សា

ហ្ស៊េរុយសាឡិម៖ ក្រុមបាតុករជាច្រើននាក់បានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល បន្ទាប់ពីចំណាប់ខ្មាំង បីនាក់ ត្រូវបានទាហានអ៊ីស្រាអែលច្រលំ បាញ់សម្លាប់ នៅតំបន់ហ្គាហ្សា។ កងទ័ពអ៊ីស្រាអែល ដំបូងឡើយ គិតថា ពួកគេគឺជាក្រុមសកម្មប្រយុទ្ធបង្កការគំរាមកំហែង តែក្រោយមក ទើបបានដឹងថា ពួកគេគឺជាចំណាប់ខ្មាំង។

សាស្ត្រាចារ្យ សាកលវិទ្យាល័យ លោក Chilik Weizmann វ័យ៤១ឆ្នាំ បាននិយាយថា «គោលដៅចំនួនពីរ នៃសង្រ្គាម ដែលបង្ហាញដោយរដ្ឋាភិបាល..គឺទី១៖ ការបំផ្លាញក្រុមហាម៉ាស និងទី២៖ ដោះលែងអ្នកត្រូវចាប់ឃុំឃាំង ប៉ុន្តែទាំងពីរនេះមិនបានចេញលទ្ធផល ក្នុងពេលតែមួយទេ ដូច្នេះ យើងមិនអាចបន្តការប្រយុទ្ធ ហើយរក្សាជីវិតចំណាប់ខ្មាំង នៅរស់ទេ» ។

អ្នកស្រី Noam Perry ដែលមានកូនស្រី ជាចំណាប់ខ្មាំង ឈ្មោះថា Haim Perry បាននិយាយថា «អ្វីដែលយើងទទួលបាន ម្តងហើយម្តងទៀត គឺជាចំណាប់ខ្មាំងដែលស្លាប់… និងដំណឹងពីគ្រួសារដែលបាត់ខ្លួន»។

ក្រុមគ្រួសារចំណាប់ខ្មាំង ដែលឃុំខ្លួននៅហ្គាហ្សា បានអំពាវនាវដល់អ៊ីស្រាអែល បង្កើតកិច្ចព្រមព្រៀងបន្ទាន់មួយ ដើម្បីធានាការដោះលែងចំណាប់ខ្មាំង បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានសារភាពថា «ខ្លួនខុស» ដែលបានសម្លាប់ ចំណាប់ខ្មាំង បីនាក់ នៅក្នុងទឹកដីប៉ាឡេស្ទីន។

ព័ត៌មានចុងក្រោយ កងទ័ពអ៊ីស្រាអែលបានអះអាងថា ចំណាប់ខ្មាំងទាំងបីនាក់បានកាន់ទង់ ពណ៌ស ហើយបានស្រែករកជំនួយ ជាភាសា ហេប្រ៊ូ ក៏ស្រាប់តែ ពួកគេត្រូវបានបាញ់ច្រឡំ ដោយកងទ័ពអ៊ីស្រាអែល។

គួរបញ្ជាក់ថា អ្នកទាំង៣នាក់ ស្ថិតក្នុងចំណោមចំណាប់ខ្មាំង ប្រមាណ២៤០នាក់ ដែលត្រូវបានចាប់យក ទៅតំបន់ Gaza អំលុងការឆ្មក់វាយលុកទ្រង់ទ្រាយ ធំរបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ។

បើតាមយោធាអ៊ីស្រាអែល ចំណាប់ខ្មាំងសរុបយ៉ាងហោច២០នាក់ហើយ បានបាត់បង់ជីវិត នៅ Gaza ក្នុងចំណោមជាង១៣០នាក់ទៀត ដែលបន្តជាប់ឃុំឃាំង នៅទីនោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner