អូស្រ្តាលីជំរុញការជម្លៀសប្រជាជនរាប់ពាន់នាក់ ដោយសារតែទឹកជំនន់នៅរដ្ឋឃ្វីនស៍លែន
កង់បេរ៉ា៖ អាជ្ញាធរអូស្ត្រាលីនាថ្ងៃអាទិត្យទី១៧ ខែធ្នូ ឆ្នាំ២០២៣បានជំរុញឱ្យប្រជាជនរាប់ពាន់នាក់ដែលរស់នៅតំបន់ភាគខាងជើងរដ្ឋឃ្វីនស៍លែន ផ្លាស់ទីទៅកាន់ទីទួលខ្ពស់ ដោយសារតែគ្រោះថ្នាក់ពីទឹកជំនន់នៃភ្លៀងធ្លាក់ខ្លាំងដូចគេចាក់ទឹក។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អាជ្ញាធររដ្ឋឃ្វីនស៍លែន បាននិយាយថា ទឹកជំនន់ដ៏ធំកំពុងប៉ះពាល់តាមជាយៗក្រុងនៃទីក្រុង Cairns ដែលមានប្រជាជនប្រមាណ ១៧០ ០០០ រស់នៅ និងស្ថិតនៅចម្ងាយប្រហែល ១ ៧០០ គីឡូម៉ែត្រពីភាគខាងជើងនៃក្រុងប្រ៊ីសបេន។
សេវាកម្មពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់រដ្ឋឃ្វីនស៍លែន បាននិយាយលើគេហទំព័ររបស់ខ្លួនក្នុងការប្រកាសអាសន្នថា ទ្រព្យសម្បត្តិនៅក្នុងតំបន់រងគ្រោះមួយចំនួននឹងរងការខូចខាត ហើយភ្លៀងក៏បន្តធ្លាក់ខ្លាំង ដូច្នេះប្រជាជនគួរតែផ្លាស់ទៅទីទួលខ្ពស់ឥឡូវនេះ។
គួរបញ្ជាក់ថា ទឹកជំនន់នាពេលនេះបានកើតឡើងដោយសារតែភ្លៀងធ្លាក់ខ្លាំងជោគជាំដែលបង្កពីព្យុះស៊ី ក្លូនត្រូពិច Jasper ដែលបានបោកបក់ក្នុងតំបន់ថ្មីៗនេះ ដែលបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់គ្មានភ្លើងប្រើប្រាស់ ហើយបង្ខំជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាព។
អ្នកព្យាករណ៍អាកាសធាតុអូស្ត្រាលី បានព្យាករថា ទឹកជំនន់ភ្លាមៗដ៏គ្រោះថ្នាក់ ដែលគំរាមកំហែងដល់អាយុជីវិត កំពុងប៉ះពាល់ទីក្រុង Cairns ហើយបន្តថា កម្រិតទឹកនៅថ្ងៃអាទិត្យនេះ អាចលើសពីកម្រិតទឹកជំនន់ខ្ពស់បំផុតក្នុងឆ្នាំ ១៩៧១ ទៅទៀត ពោលគឺលើស ៤,១ ម៉ែត្រ។
ក្រុមគ្រប់គ្រងគ្រោះមហន្តរាយក្នុងស្រុកប្រចាំក្រុង Cairns បាននិយាយថា ផ្ទះ អគារ ផ្លូវ និងស្ពានផ្សេងៗជាច្រើនកន្លែង ត្រូវបានជន់លិច។ ទីភ្នាក់ងារនិយាយក្នុងសេចក្តីថ្លែងការណ៍ថា ៖ «ថាមពល ទឹកស្អាត ប្រព័ន្ធលូទឹក និងសេវាទូរស័ព្ទ អាចនឹងត្រូវបាត់បង់នៅក្នុងតំបន់»។
គេមើលឃើញថា ទឹកជំនន់ជាញឹកញាប់បានវាយប្រហារតំបន់ឆ្នេរភាគខាងកើតនៃប្រទេសអូស្ត្រាលីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងទឹកជំនន់ធ្ងន់ធ្ងរដ៏សាហាវកាលពីខែមករា ដើមឆ្នាំនេះ ដោយសារតែបាតុភូតធាតុអាកាស La Nina ។ ទន្ទឹមនឹងនេះ អូស្ត្រាលីក៏កំពុងត្រដាបត្រដួសនឹងបាតុភូតធាតុអាកាស El Nino ផងដែរ ដែលបង្កឱ្យមានភ្លើងឆេះព្រៃធ្ងន់ធ្ងរ គ្រោះរាំងស្ងួត និងរលកកម្ដៅតាមតំបន់នៃរដ្ឋផ្សេងៗទៀតរបស់ប្រទេស៕ ប្រែសម្រួល៖ ហួន ឌីណា