អង្គការសុខភាពពិភពលោកចេញវិធានការបន្ទាន់ទៅដល់បណ្ដាប្រទេសទាំងអស់ត្រូវរឹតបន្ដឹងការផ្សព្វផ្សាយបារីអេឡិចត្រូនិក
អ.ស.ប៖ អង្គការសុខភាពពិភពលោក (WHO) បានចេញវិធានការបន្ទាន់ទៅដល់បណ្ដាប្រទេសទាំងអស់ ត្រូវរឹតបន្ដឹងការនាំចូល ការចែកចាយ និងការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកគ្រប់ប្រភេទនៅលើទីផ្សារ និងប្រព័ន្ធបណ្ដាញសង្គម ជាពិសេសហាមឃាត់ការប្រើប្រាស់បារីនេះឱ្យបានដូចគ្នាទៅនឹងថ្នាំជក់។
អង្គការWHO បានលើកឡើងថា វិធានការបន្ទាន់ដែលបណ្តាប្រទេសទាំងអស់ ហាមឃាត់ការលក់បារីអេឡិចត្រូនិក គឺត្រូវពង្រឹងការអនុវត្តការនាំចូល និងបន្តការត្រួតពិនិត្យ និងឃ្លាំមើលឱ្យបានរឹងមាំ ដើម្បីធានាដល់ការគាំទ្រកិច្ចអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ។
ក្រៅពីនេះ បណ្ដាប្រទេសនានា ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះការធ្វើពាណិជ្ជកម្មលក់ នាំចូល ចែកចាយ និងផលិតបារីអេឡិចត្រូនិចគ្រប់រសជាតិ ជាពិសេស គឺការបង្កើនការបង់ពន្ធ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
សេចក្ដីប្រកាសរបស់WHO បានឱ្យដឹងទៀតថា ជាមួយនឹងការអនុវត្តវិធានការបន្ទាន់ទាំងនេះ រួមទាំងវិធានការត្រួតពិនិត្យថ្នាំជក់ផងដែរ វាអាចធ្វើឱ្យបញ្ឈប់ការនាំចូល ការចែកចាយ ការផ្សព្វផ្សាយ និងការផលិតបារីអេឡិចត្រូនិចបានយ៉ាងមានប្រសិទ្ធភាព។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការWHO បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា បារីអេឡិចត្រូនិកមានជាតិនីកូទីនដែលមានឥទ្ធិពលខ្លាំង ហើយវាបង្កគ្រោះថ្នាក់ដល់សុខភាពដូចជា ខួរក្បាល បេះដូង សួត និងបង្កជាជំងឺមហារីកជាដើម។
លោកបានបញ្ជាក់ថា ៖ «កុមារ កំពុងត្រូវបានក្លាយជាជនគោលដៅសម្រាប់ប្រើប្រាស់បារីអេឡិចត្រូនិច ហើយអាចជាប់ទាក់ទងនឹងជាតិនីកូទីន។ ដូច្នេះខ្ញុំជំរុញឱ្យប្រទេសនានា អនុវត្តវិធានការទាំងនោះឱ្យបានតឹងរ៉ឹង ក្នុងការទប់ស្កាត់ការកើនឡើងអ្នកប្រើប្រាស់បារីអេឡិចត្រូនិច ដើម្បីការពារពលរដ្ឋរបស់ខ្លួន ជាពិសេសកុមារ និងយុវជន»។
ចំណែក លោក Ruediger Krech ប្រធាននាយកដ្ឋានលើកកម្ពស់សុខភាពរបស់អង្គការសុខភាពពិភពលោក ក៏បានលើកឡើងដែរថា ការកើនឡើងគួរឱ្យព្រួយបារម្ភ នៃការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមកុមារ គឺមានអត្រាលើសពីការប្រើប្រាស់មនុស្សពេញវ័យនៅក្នុងបណ្ដាប្រទេសជាច្រើន។
លោកថ្លែងថា ៖ «បារីអេឡិចត្រូនិក កំណត់គោលដៅលើកុមារ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្នកមានឥទ្ធិពលក្នុងសង្គម យ៉ាងហោចណាស់មានជាង ១ម៉ឺនរសជាតិ ខណៈដែលផលិតផលទាំងនេះ ខ្លះប្រើតួអក្សរតុក្កតា និងមានការរចនាយ៉ាងស្រស់ស្អាត ដើម្បីទាក់ទាញមនុស្សជំនាន់ក្រោយ»៕ ប្រែសម្រួល៖ ជា សុខនី