រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអញ្ជើញបើកការប្រកួតកីឡាប៊ូល និង ប៉េតង់ សន្តិភាពវ័យចាស់ពានរង្វាន់ឯកឧត្តមបណ្ឌិត សោម ចិន
ភ្នំពេញ ៖ ការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ ពាន រង្វាន់ឯកឧត្តមបណ្ឌិត សោម ចិន តំណាងរាស្ត្រ មណ្ឌល ខេត្ត កំពត អនុប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជា ប្រធាន ក្លិបកីឡាប៊ូល និងប៉េតង់សន្តិភាព ត្រូវបានប្រារព្ធ ឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា ។
ក្នុងពិធីនេះឯកឧត្តមបណ្ឌិត សោម ចិន មានប្រសាសន៍ថា ថ្ងៃនេះយើងជួបជុំគ្នាប្រារព្ធពិធីប្រកួតកីឡាប៊ូលនិងប៉េតង់វ័យចាស់ម្តងទៀត នេះជាលើកទី២បន្ទាប់ពីយើង បានប្រកួតគ្នា កាលពីថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៣ ទើបតែបានជាង ៩ខែ ប៉ុណ្ណោះ។គោលបំណងក្លឹបកីឡាប៊ូលនិងប៉េតង់ សន្តិភាព វ័យចាស់ខិតខំរៀបចំ ការប្រកួតវ័យចាស់ចាប់ពី អាយុ៥០ឆ្នាំ ឡើង ដើម្បីអបអរសាទរថ្ងៃទី០២ ធ្នូ ១៩៧៨ ដើម្បីសុខភាព សាមគ្គីភាព មិត្តភាព ភាតរៈភាពនិងទំនាក់ទំនងល្អប្រសើរ និងជួយសហព័ន្ធទាក់ខ្ពក់អូសទាញថ្នាលថ្មីឱ្យងាកមកលេងកីឡាតាមលំនាំរបស់គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អតីតប្រធានកិត្តិយសអតីតប្រធានសហព័ន្ធនិង សម្តេច វិបុលបញ្ញា សុខ អាន អតីតប្រធានសហពន្ធ័ប៊ូល និង ប៉េតង់កម្ពុជា ។ បន្ថែមពីលើនេះបង្កបរិយាកាស សប្បាយ រីក រាយដល់កីឡាករវ័យ ហើយក្លឹបកីឡាប៊ូលនិង ប៉េតង់វ័យចាស់ ទាំងអស់សូមប្ដេជ្ញារក្សាឱ្យបាននូវសុខសន្តិភាព សន្តិសុខនិង ការអភិវឌ្ឍ ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា ការ ប្រកួតនេះជាគំនិតផ្តួចផ្តើមមួយដ៏ល្អ ក្នុងការបំផុសស្មារតី ក៏ដូចជាទាក់ទាញចំណាប់អារម្មណ៍របស់អតីតកីឡាករប៊ូល និងប៉េតង់ ដែលមានវ័យចំណាស់ ឬអ្នកចូលនិវត្តន៍ ឱ្យមក ចូល រួមប្រកួតកម្សាន្តសប្បាយ ក្នុងន័យលើកកម្ពស់សុខភាព ផ្ទាល់ខ្លួន និងរឹតចំណងសាមគ្គីភាព ក៏ដូចជាបានចែក រំលែកនូវបទពិសោធសម្រាប់យុវជន និងជាពិសេស សម្រាប់កីឡាករថ្នាលជំនាន់ក្រោយ ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្ថែមថា នេះគឺ ជាការចូលរួមជាចំណែកដល់ការអនុវត្ត គោលនយោបាយ ជាតិសី្តពីមនុស្ស វ័យចាស់។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យកីឡាប៊ូល និងប៉េតង់នេះដែរ កាលខែវិច្ឆិកា ឆ្នាំ២០២០ ព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ ពាន រង្វាន់ ”គរុគុណ” លើកទី១ បានរៀបចំឡើងដើម្បីជាការ រំលឹក ដល់ស្ថានិកសំខាន់ៗ ដែលបានជួយជ្រោមជ្រែង ដល់កីឡា ប៉េតង់ ឱ្យមានការអភិវឌ្ឍ។ ការប្រកួតនាពេលនោះ ក៏ជាការ បង្កើតឱកាសដល់កីឡាករ កីឡាការិនី បានពង្រឹងសមត្ថភាព ដើម្បីត្រៀមចូលរួមការប្រកួតនានានា ជាពិសេសគឺ ការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ៕ ដោយ ៖ គ្រី សម្បត្តិ