លោក លន់ បូរ៉ា៖ ក្រុម BM ចំណាយពេល៧ឆ្នាំ ទើបសម្រេច បំណងលើកពាន Off Road បាន
ក្រុម BM បានលើកពានចំនួន២ ពីការប្រណាំងរថយន្ត Off Road គីរីរម្យ Festival 2023 ក្នុងចំណោមរថយន្ត ខ្លាំងៗ កម្ពុជា និងថៃ សរុប៥៣គ្រឿង ចែកចេញជា៣Class។ គឺ Class A មានរថយន្ត២៩គ្រឿង, Class B មាន១៣គ្រឿង និង Class C មាន១១គ្រឿង ។
លោក លន់ បូរ៉ា ប្រធានក្រុមBM Off Road បាន បង្ហាញ អារម្មណ៍រីករាយក្រោយឈ្នះពានរង្វាន់ចំនួន ២គ្រឿង ពីការប្រណាំងរថយន្ត Off Road លើ Class A និង Class C ដោយជារៀងរាល់ឆ្នាំកីឡាករមកពីប្រទេសថៃជាអ្នកឈ្នះពាន។ ប្រធានក្រុម BM Off Road រូបនេះ បានបន្ថែមថា ក្រុម BM បានចូលរួមប្រណាំងរថយន្ត Off Road ជាច្រើនឆ្នាំគិត មក ដល់ពេលនេះ ៧ឆ្នាំ ទើបសម្រេចបំណងឈ្នះពានចំនួន ២ជាលើកដំបូង ដែលគ្មានក្រុមណាធ្វើបានពីមុនមក ដោយ កីឡាករវ័យក្មេង ។
គួរកត់សម្គាល់ថា នេះជាសមិទ្ធផលថ្មីសម្រាប់ក្រុមទាំងមូល ដែលបានរួមសាមគ្គីគ្នា បង្កើនការហ្វឹកហាត់ ចំណាយធនធាន ថវិកាផ្ទាល់ខ្លួនរហូតទទួលបានជោគជ័យខ្លាំងក្នុងឆ្នាំ២០២៣នេះ ក៏ត្រៀមចេញទៅប្រកួតជាលក្ខណៈអន្តរជាតិ នាទេសថៃ ឆ្នាំ២០២៤ខាងមុខនេះ។ លោក លន់ បូរ៉ា បន្ថែម។
ប្រធានក្រុម BM Off Road និងជាអតីតកីឡាករផងនោះ បាន ថ្លែងអំណរគុណដល់បងប្អូនក្រុមមហាគ្រួសាររថយន្ត Off Road ឯកឧត្តម ទៀ ស្យាម ក្រុមហ៊ុនដៃគូឧបត្ថម្ភ និងបងប្អូន ក្រុម BM ដែលតែងតែគាំទ្រ និងលើកទឹកចិត្ត ជាសម្ភារ ថវិកា រហូតទទួលបានជោគជ័យនាពេលនេះ។
សូមបញ្ជាក់ថា ការប្រណាំងរថយន្ត Off Road គីរីរម្យ Festival 2023 មានរថយន្តសរុប៥៣គ្រឿង ក្នុងនោះ ក៏មានកីឡាករមកពីប្រទេសថៃ រយៈពេល៣ថ្ងៃ នៅលើ ភ្នំគីរីរម្យ ។ ជាលទ្ធផល Class A លេខ១ ឃុន ណេត ក្រុម BM ,លេខ២ ហែម សំណាង និងលេខ៣ Vong Kimhout ក្រុម VKH , Class B លេខ១ កីឡាករមកពីប្រទេសថៃ លេខ២ និងលេខ៣ សិតសឹងជាកីឡាករកម្ពុជា រីឯ Class C លេខ១ ហុក គីមលន់ និងលេខ១ស្ទួន អារ៉ែង ឌីណា លេខ២វិឆ័យ គីរីរម្យ និងលេខ៣ ឈិន ជិនអ៊ី ៕
អត្ថបទ៖ ចាន់ វិចិត្រ