អូស្រ្តាលីបន្តជួយបណ្តុះបណ្តាលកម្ពុជា ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងសុវត្ថិភាព នៃការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្ម
ភ្នំពេញ៖ នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(កាឌី,CARDI)បានប្រាប់ឱ្យដឹងថាសាកលវិទ្យាល័យ Queensland ប្រទេសអូស្រ្តាលី និងវិទ្យាស្ថានកាឌី កំពុងជំរុញការបណ្តុះបណ្តាលដល់អ្នកផ្តល់សេវាកម្មដ្រូន សម្រាប់ការបាញ់ថ្នាំកសិកម្មដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងការប្រើប្រាស់ថ្នាំពុលកសិកម្ម។
លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ថា សាកលវិទ្យាល័យ Queensland ប្រទេសអូស្រ្តាលី បានបញ្ជូនអ្នកជំនាញបច្ចេកទេសរបស់ខ្លួនមកជួយបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្មត្រូវបានរៀបចំនៅប្រទេសកម្ពុជា កាលពីដើមខែធ្នូ ឆ្នាំ២០២៣នេះ។
លោកបន្តថា ការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្មនៅមិនទាន់មានការសុំច្បាប់បានត្រឹមត្រូវ ដូចនេះវិទ្យាស្ថានបានផ្តល់វគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណងក្នុងការប្រើប្រាស់ថ្នាំប្រកបដោយប្រសិទ្ធភាព,សុវត្ថិភាព និងផលចំណេញសេដ្ឋកិច្ច និងពេលវេលា ដោយវគ្គបណ្តុះបណ្តាលនេះបានផ្តល់ចំណេះដឹងដល់អ្នកផ្តល់សេវាកម្មបាញ់ថ្នាំដ្រូន និងមន្រ្តីកសិកម្មខេត្ត ស្រុក និងកសិករ។
លោក ឡោ ប៊ុណ្ណា បានបន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកផ្តល់សេវាកម្មដ្រូន មន្រ្តីកសិកម្ម និងកសិករបានរៀនសូត្រពីការប្រើប្រាស់បច្ចេកវិទ្យាដ្រូន និងបង្កើនចំណេះដឹងក្នុងការគ្រប់គ្រងស្មៅចង្រៃដើម្បីធ្វើការកំចាត់ស្មៅប្រកបដោយប្រសិទ្ធិភាពនៅក្នុងផលិតកម្មស្រូវនៅកម្ពុជា។
លោកនាយកវិទ្យាស្ថានបានបញ្ជាក់ថា ៖ «ការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្ម មានការកើនឡើងចាប់ពីឆ្នាំ២០២១រហូតមកដល់ពេលបច្ចុប្បន្ន។ វគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយរបស់គម្រោង បច្ចេកទេសគ្រប់គ្រងស្មៅចង្រៃ សម្រាប់ប្រព័ន្ធផលិតកម្មស្រូវពង្រោះដោយប្រើប្រាស់គ្រឿងយន្តកសិកម្មនៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ដែលជាគម្រោងសហការណ៍រវាងវិទ្យាស្ថានកាឌី និងសាកលវិទ្យាល័យ Queensland ប្រទេសអូស្រ្តាលី ដែលមានរយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៥»។
លោក ជា សារ៉េត ប្រធានការិយាល័យស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៃវិទ្យាស្ថាន កាឌី ដែលបានដឹកនាំ ការងារបណ្តុះបណ្តាលដោយផ្ទាល់ បានប្រាប់ឱ្យដឹងបន្ថែមថា នៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៤ និងទី៥ ខែធ្នូ កន្លងទៅនេះ មានអ្នកផ្តល់សេវាកម្មដ្រូន មន្រ្តីកសិកម្ម និងកសិករ ចូលរួមប្រមាណជាង៦០នាក់ សម្រាប់ខេត្តព្រៃវែង និងតាកែវ។
លោកបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ អ្នកផ្តល់សេវាកម្មដ្រូន មានកំណើនគួរឱ្យកត់សម្គាល់ ដោយក្នុងមួយស្រុក មានអ្នកផ្តល់សេវា មានប្រាំ ទៅប្រាំមួយសេវាកម្ម ខណៈដែលអ្នកបម្រើសេវាកម្មមួយ មានដ្រូនចន្លោះពីរ ទៅបីដ្រូន និងមានខ្លះមិនបានសុំច្បាប់ប្រើប្រាស់ឱ្យបានត្រឹមត្រូវ។
លោកបានបញ្ជាក់ថា ៖ «នៅក្នុងវគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់សម្រាប់អ្នកផ្តល់សេវាកម្មដ្រូន មន្រ្តីកសិកម្ម និងកសិករ ក្នុងការជំរុញឱ្យគាត់គិតគូរពីសុវត្ថិភាព នៃការប្រើប្រាស់ដ្រូនសម្រាប់បាញ់ថ្នាំកសិកម្ម ជាពិសេសធ្វើយ៉ាងណា ប្រើប្រាស់បច្ចេកវិទ្យាដ្រូនឱ្យមានប្រសិទ្ធភាព ដោយត្រូវបង្ហោះដ្រូនបាញ់ថ្នាំនៅពេលណា ហោះខ្ពស់កម្រិតណា ដើម្បីឱ្យចំណេញខាងសេដ្ឋកិច្ច»។
លោកបានបន្ថែមថា បច្ចុប្បន្ន ខាងវិទ្យាស្ថាន CARDI មិនទាន់មានអ្នកជំនាញបច្ចេកទេស ដែលអាចចេះប្រើប្រាស់បច្ចេកវិទ្យាដ្រូននេះនៅឡើយទេទើបវិទ្យាស្ថាន តាមរយៈគម្រោងបច្ចេកទេសគ្រប់គ្រងស្មៅចង្រៃ សម្រាប់ប្រព័ន្ធផលិតកម្មស្រូវពង្រោះដោយប្រើប្រាស់គ្រឿងយន្តកសិកម្មនេះ បានបើកវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីជាប្រយោជន៍ដល់អ្នកផ្តល់សេវាកម្មដ្រូនសម្រាប់បាញ់ថ្នាំ និងបណ្តុះបណ្តាលប្រជាកសិករ៕
ដោយ៖វណ្ណ សុជាតា