អ្នកវិនិយោគទុនបរទេសនៅកម្ពុជា ដើរតួនាទីសំខាន់ក្នុងការផ្តល់នូវផលប្រយោជន៍សម្រាប់ប្រជាជន
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានចាត់ទុកសមាគមអ្នកវិនិយោគបរទេសនៅកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការចងក្រងសមាជិក និងធនធានព្រមទាំងការពិគ្រោះយោបល់ដើម្បីគាំទ្រដល់សកម្មភាពនៃការដាក់ទុន វិនិយោគ ។ជាពិសេសមិនត្រឹមតែជួយដល់សមាជិក ឱ្យមានការរីកចម្រើន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវផលប្រយោជន៍សម្រាប់ប្រជាជន និងខេត្តស្វាយរៀងផងដែរ។
ឯកឧត្តម ប៉េង ពោធិ៍សា បានលើកឡើងដូចនេះ ក្នុងពិធីអបអរសាទរបង្កើតសមាគមសហគ្រាសវិនិយោគទុនបរទេសនៅកម្ពុជា និងការចូលកាន់ដំណែងនៃក្រុមប្រឹក្សាភិបាលសមាគម ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវិនិយោគិនបរទេសនៃតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀងជាច្រើនទៀត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។
ប្រភពរដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី១៧ ខែធ្នូ បានលើកយកប្រសាសន៍ឯកឧត្តម ប៉េង ពោធិ៍សា បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមសម្តែងនូវការស្វាគមន៍ និងគាំទ្រទាំងស្រុង ចំពោះគំនិតផ្តួចផ្តើម ដែលនាំឱ្យមានការចងក្រងជាសមាគមក្នុងខេត្តស្វាយរៀងនាពេលនេះ ដែលសមាគមនេះ ជាយន្តការមួយដែលនឹងដើរតួនាទីដ៏សំខាន់ ក្នុងការប្រមូលផ្តុំ ការពិគ្រោះយោបល់ និងគាំទ្រដល់សកម្មភាពនៃការដាក់ទុន វិនិយោគ ការធ្វើអាជីវកម្ម ដែលជួយដល់ការអភិវឌ្ឍ និងផ្តល់នូវអត្ថប្រយោជន៍សម្រាប់ប្រជាជន និងខេត្តស្វាយរៀងទាំងមូលផងដែរ។
លោកបានបញ្ជាក់ទៀតថា ក្នុងនាមអាជ្ញាធរខេត្ត នៅតែមានមហិច្ឆតា ចង់បាន ហើយស្វាគមន៍ជានិច្ចចំពោះគ្រប់ការវិនិយោគទាំងអស់មកកាន់ខេត្តស្វាយរៀង ដោយខេត្តត្រៀមខ្លួនជានិច្ចជួយសម្របសម្រួល គាំទ្រ និងសហការ ដើម្បីផ្តល់ភាពកក់ក្តៅ ជំនឿទុកចិត្ត ការពារសន្តិសុខសុវត្ថិភាព និងបង្កលក្ខណៈគ្រប់សព្វបែបយ៉ាងជូនក្រុមហ៊ុន និងអ្នកវិនិយោគទាំងអស់។
សូមជម្រាបថា នៅទូទាំងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួនប្រាំបួនកន្លែង មានរោងចក្រ ជាង ១៥០ កន្លែង (បើរួមទាំងក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានផ្សេងៗ សរុប២៧៦កន្លែង) បានផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណជិត ប្រាំបួននាក់ ដែលជាប្រភពចំណូលផ្ទាល់ដល់កម្មករកម្មការិនី សរុបជាទឹកប្រាក់ប្រមាណ ២៨៤លានដុល្លារ/១ឆ្នាំ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងជួយជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាព រស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមូលដ្ឋាន។
ជុំវិញបញ្ហានេះ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ១៧ ខែធ្នូ ដោយលោកទទួលស្គាល់ថា ការប្រមូលផ្តុំនៃអ្នកវិនិយោគិនបរទេស បង្កើតទៅជាសមាគម គឺជារឿងដែលល្អសម្រាប់រួមចំណែកនៃការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជន ឱ្យកាន់តែរឹងមាំមួយកម្រិតទៀត បន្ថែមទៅលើកិច្ចសហការជាផ្លែផ្ការបស់រដ្ឋាភិបាលកម្ពុជា-ចិនដែលមាននាពេលកន្លងមក។
លោក ហុង វណ្ណៈ បានបន្តថា មិនត្រឹមតែប៉ុណ្ណោះ សមាគមនេះ ពិតជាបាននាំនូវកិច្ចសហការ និងការវិនិយោគសម្រាប់ខេត្តគោលដៅ ដូចជាខេត្តស្វាយរៀងនេះ ឱ្យមានការរីកចំរើនផ្តល់នូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចនៅក្នុងខេត្ត តាមរយៈការបណ្តាក់ទុនវិនិយោគពីសមាជិករបស់សមាគមន៍ ។
លោក ហុង វណ្ណៈ បានបញ្ជាក់ថា ៖ «សមាគមនេះ ប្រាកដជារឹតចំណង ខេត្តស្វាយរៀង បើសិនជាអាចសមាគមនេះ យកខេត្តស្វាយរៀងនេះ ធ្វើជាម៉ូដែលនៃការអភិវឌ្ឍ ដោយមានការចូលរួមពីសមាជិកភាពនៃសមាគម វានាំឱ្យខេត្តគោលដៅ មានការអភិវឌ្ឍន៍ខ្លាំង និងជាគំរូមួយ ជាពិសេសរួមចំណែកដល់ការពង្រឹងវប្បធម៌ ប្រជាជន និងការវិនិយោគ។ ខ្ញុំជឿជាក់លើចំណុចនេះ»៕
ដោយ៖គឹម យុត្ថារ៉ូ