ក្រសួងពាណិជ្ជកម្ម៖ វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ឥណ្ឌូណេស៊ី នឹងជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត

ភ្នំពេញ៖ លោកជំទាវ សយ បុប្ផា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ឥណ្ឌូនេស៊ីជាផ្នែ​​កសំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរខណៈដែលក្នុងឆ្នាំ២០២២កន្លងទៅ ប្រទេស​ទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មជាមួយគ្នាជិត៩៥០លានដុល្លារ ក្នុងឆ្នាំ២០២២កន្លងទៅ។

លោកជំទាវ សយ បុប្ផា បានលើកឡើងបែបនេះ នៅក្នុងវេទិកាធុរកិច្ច និងវិនិយោគ កម្ពុជា-ឥណ្ឌូណេស៊ី ដែលបានរៀបចំឡើងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា ពោលគឺបានរៀបចំឡើង នៅអំឡុងពេលពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦។

នៅក្នុងសុន្ទរកថារបស់លោកជំទាវបានលើកឡើងទៀតថា វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ឥណ្ឌូណេស៊ីជាផ្នែកសំខាន់ ក្នុ​ងការជំរុញលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឱកាសវិនិយោគថ្មីៗ រវាងប្រទេសទាំងពីរ ស្របទៅនឹងវិស័យអាទិភាពកម្មវិធីទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយផលិតកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។

លោកជំទាវ សយ បុប្ផា បានបញ្ជាក់ថា  វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ឥណ្ឌូនេស៊ី ជាផ្នែកមួយដ៏មានសារសំខាន់ដើ​ម្បី​ជួយជំ​រុញ និងលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងសាធារណរដ្ឋឥណ្ឌូណេស៊ី ឱ្យកាន់តែប្រ​សើរឡើង ជាពិសេសស្វែងរកដៃគូ និងឱកាសវិនិយោគថ្មីៗបន្ថែមទៀត រវាងប្រទេសទាំងពីរ ស្របទៅនឹងវិស័យអាទិភាពក​ម្មវិធីទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយផលិតកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតស​មរម្យ។

លោកជំទាវបន្តថា នៅក្នុងឆ្នាំ២០២៣នេះ នៅពេលដែលឥណ្ឌូណេស៊ី ធ្វើជាប្រធានអាស៊ានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន​លើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងហ្សាការតា កាលពីខែកញ្ញា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មនៃកម្ពុជា និងក្រសួ​​​ងពាណិជ្ជកម្មឥណ្ឌូនេ​ស៊ី បានចុះអនុស្សរណៈ នៃការយោគយល់គ្នានាំចេញអង្ករកម្ពុជាប្រមាណ២៥ម៉ឺនតោនទៅប្រ​ទេសឥណ្ឌូនេស៊ី ក្នុងរយៈពេល៤ឆ្នាំ ហើយកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករទៅឥណ្ឌូនេស៊ី ជា​លើ​កដំបូងចំនួនពីរលើក គឺលើកទី១មានចំនួន៣,៥ពាន់តោន និងទី២មានចំនួនមួយម៉ឺនតោន។

ជាមួយគ្នានោះដែរ លោកស្រី Lauti Nia Astri អគ្គទីប្រឹក្សាពាណិជ្ជកម្ម នៃស្ថានទូតឥណ្ឌូណេស៊ី ប្រចាំរាជធានីភ្នំពេញបា​នថ្លែងដែរថា វេទិកានេះ​ជាឱកាសល្អសម្រាប់វិនិយោគិនឥណ្ឌូនេស៊ី និងកម្ពុជា ពិភាក្សាគ្នា ស្វែងរកដៃគូវិនិយោគទៅវិញទៅម​ក ដើម្បីជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។​សូមវិនិយោគិនប្រទេសទាំងពីរ និងវិនិយោ​គិនអន្តរជាតិ បន្តចូលរួមចាប់ដៃ​គូជាមួយគ្នា ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន។ យើងសូមលើកទឹកចិ​ត្ត​ចំពោះ វិនិយោគិនគ្រប់រូប និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទ្វេភាគី តំបន់ និងពិភពលោកកាន់តែទូលំទូលាយ ​។

របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា​ នៅក្នុងរយៈពេល១១ ខែឆ្នាំ២០២៣នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៊ី សម្រេចបានក្នុងទំហំទឹកប្រាក់ ៩៦៤លានដុល្លារ កើនឡើងជាង១៦ភាគរយ បើធៀ​បនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចូលមកពីឥណ្ឌូនេស៊ី រួមមាន ថ្នាំជក់ ធ្យូងថ្ម គ្រាប់ធញ្ញជាតិ ត្រាក់ទ័រ ឱសថ គ្រឿងម៉ា​ស៊ីន ក្រណាត់មានព្រុយ ប្រេងចម្រាញ់។ ដោយឡែកចំពោះផលិតផលដែលកម្ពុជា នាំចេញទៅទីផ្សារ ឥណ្ឌូនេស៊ីវិញ មានដូចជា ផលិតផលសម្លៀកបំពាក់ កាត់ដេរ ស្បែកជើង ក្រណាត់ចាក់ឬត្បាញ វ៉ាលី ក្រដាសផ្កា កែវ គ្រឿងអេឡិចត្រូនិកផលិតផលប្លាស្ទីក និងផលិតផលបន្ទាប់បន្សំ បម្រើឱ្យការផលិតកម្មផ្សេងៗទៀត៕

ដោយ៖វណ្ណ សុជាតា

ads banner