ប៉ាគីស្ថានប្រើភ្លៀងសិប្បនិម្មិត ប្រឆាំងនឹងផ្សែងអ័ព្ទជាលើកដំបូង
អ៊ីស្លាម៉ាបាដ៖ អាជ្ញាធរក្នុងតំបន់និយាយថា ប៉ាគីស្ថានបានប្រើប្រាស់ភ្លៀងសិប្បនិម្មិតជាលើកដំបូង កាលពីសប្តាហ៍មុន ក្នុងគោលបំណងប្រយុទ្ធប្រឆាំងផ្សែងអ័ព្ទដ៏គ្រោះថ្នាក់នៅក្នុងទីក្រុងឡាហូ។
នៅក្នុងការពិសោធន៍ជាលើកដំបូងនៅប្រទេសប៉ាគីស្ថាន យន្តហោះដែលបំពាក់ដោយឧបករណ៍បង្កើតពពក បានហោះហើរលើតំបន់ចំនួន ១០ នៃទីក្រុងឡាហ័រ ដែលជារឿយៗជាប់ចំណាត់ថ្នាក់ ជាកន្លែងបំពុលខ្យល់អាកាសដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។ រដ្ឋមន្ត្រីចាំផ្ទះនៃរដ្ឋ Punjab លោក Mohsin Naqvi និយាយថា ឧបករណ៍ និងយន្តហោះពីរគ្រឿង ដែលជាអំណោយរបស់អេមីរ៉ាត់អារ៉ាប់រួម បានបញ្ជូនមកដល់ទីនេះប្រហែល ១០ ទៅ ១២ថ្ងៃមុន។
យន្តហោះទាំងនេះប្រើបំពង់ភ្លើងចំនួន ៤៨គ្រាប់ដើម្បីបង្កើតភ្លៀងសិប្បនិម្មិត។ ការបំពុលខ្យល់អាកាសកាន់តែអាក្រក់ទៅៗក្នុងប្រទេសប៉ាគីស្ថាននាប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារល្បាយនៃផ្សែងម៉ាស៊ូតកម្រិតទាប, ផ្សែងកើតពីការដុតដំណាំតាមរដូវកាល និងសីតុណ្ហភាពរដូវរងាកាន់តែត្រជាក់ បានរួមផ្សំបង្កើតជាពពកអ័ព្ទ។ តួយ៉ាង ទីក្រុងឡាហ័រ បានទទួលរងគ្រោះខ្លាំងជាងគេ ដោយសារផ្សែងអ័ព្ទពុល ដែលប៉ះពាល់ដល់សួតអ្នកស្រុកជាង ១១លាននាក់ក្នុងទីក្រុងនេះក្នុងរដូវរងា។
បើតាមអង្គការសុខភាពពិភពលោក (WHO) ការប៉ះពាល់ខ្យល់ពុលរយៈពេលយូរ អាចបង្កឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង មហារីកសួត និងជំងឺផ្លូវដង្ហើម។ ជាការឆ្លើយតប រដ្ឋាភិបាលបានប្រើប្រាស់វិធីសាស្រ្តជាច្រើន ដើម្បីកាត់បន្ថយការបំពុលខ្យល់អាកាសនៅក្នុងទីក្រុងឡាហ័រ រួមទាំងការបាញ់ទឹកនៅតាមផ្លូវ និងការបិទសាលារៀន រោងចក្រ និងទីផ្សារជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា