ជប៉ុន និងអាស៊ាន ព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ

តូក្យូ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មេដឹកនាំរបស់បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ និងជប៉ុនបានព្រមព្រៀងគ្នា ជំរុញកិច្ចស​ន្ទនា និងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខដែនសមុទ្រ ខណៈដែលពួកគេកំពុងប្រឈមមុខនឹងឥទ្ធិពលរបស់ចិនដែលកំ​ពុងកើនឡើងកាន់តែខ្លាំងឡើងនៅក្នុងតំបន់។​

រដ្ឋាភិបាលក្រុងប៉េកាំងតែងតែបានទាមទារ ចង់គ្រប់គ្រងស្ទើរតែទាំងស្រុងទៅលើតំបន់សមុទ្រចិនខាងត្បូង ដែលជាច្រ​ក​របៀងពាណិជ្ជកម្មដ៏សំខាន់ ហើយចិនក៏បានបង្កើនការដាក់ពង្រាយនាវា និងសកម្មភាពយោធាផ្សេងៗទៀត ដែលបា​ន​ធ្វើឱ្យប្រទេសនានានៅក្នុងតំបន់ និងទីក្រុងវ៉ាស៊ីនតោន មានការមិនពេញយ៉ាងខ្លាំង។​

ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន ​បានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចពិភា​ក្សា និងកិច្ចសហប្រតិបត្តិការដើម្បីរក្សាសន្តិសុខដែនសមុទ្រ តាមរយៈការអនុវត្តតាមនីតិរដ្ឋ ធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរប្រកបដោយសុវត្ថិភាព ព្រមទាំងការធ្វើពាណិជ្ជកម្មដោយរលូន នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយបន្ទាប់ពីចប់កិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូ។​

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលបានលើកឡើងដោយមិនសរសេរចំឈ្មោះប្រទេសចិនថា ពួកគេនឹងជំរុញលើកកម្ពស់ការយល់ដឹងអំពីតំបន់សមុទ្រ ធ្វើការរួមគ្នាជាមួយឆ្មាំឆ្នេរសមុទ្រ និងភ្នាក់ងារអនុវត្តច្បាប់ពាក់ព័ន្ធ ពង្រឹងកិច្ចសហប្រតិ​បត្តិការលើការកសាងសមត្ថភាពដែនសមុទ្រ និងធានាដោះស្រាយជម្លោះដោយមធ្យោបាយសន្តិវិធី មិនប្រើការគំរាមកំ​ហែ​​​ង ឬការប្រើប្រាស់កម្លាំងយោធា ដែលទាំងអស់នេះគឺ​ស្រប​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ​ដែល​ទទួល​ស្គាល់​ជា​សា​កល។​

គួរដឹងដែរថា ប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក កំពុងបង្កើនការចំណាយថវិកាជាតិទៅលើវិស័យការពារជាតិ និងពង្រីកភាពជាដៃគូសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈដែលខ្លួនកំពុងប្រឈមមុខនឹងការដោះស្រាយជម្លោះមួយចំនួនជាមួយប្រទេសចិន។​

កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ប្រទេសជប៉ុនបានលើកឡើងថា ខ្លួននឹងពង្រឹងទំនាក់ទំនងជាមួយប្រទេសម៉ាឡេស៊ី និងផ្តល់ជំនួយប្រហែលជា ២,៨ លានដុល្លារអាមេរិក សម្រាប់រៀបចំឧបករណ៍ប្រកាសអាសន្ន និងឃ្លាំមើលស្ថានភា​ពដែនសមុទ្រ។ គួររំឮកថា កាលពីខែមុន ជប៉ុនក៏បានយល់ព្រមជួយប្រទេសហ្វ៊ីលីពីនក្នុងការទិញកប៉ាល់ការពារឆ្នេរសមុទ្រ និងប្រព័ន្ធរ៉ាដា ហើយថែមទាំងបានបើកកិច្ចពិភាក្សាដើម្បីឈានទៅរកកិច្ចព្រមព្រៀងអនុញ្ញាតឱ្យភាគីទាំងពីរដាក់កងទ័ពនៅលើទឹកដីរបស់គ្នាទៅវិញទៅមកទៀតផង។​

កាល​ពី​សប្តាហ៍​មុន ជប៉ុន​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះស្ថានភាពយ៉ាង​ប្រថុយប្រថាន និងតានតឹងខ្លាំង ​បន្ទា​ប់​ពី​មាន​ការ​ប៉ះ​ទង្គិចគ្នារវាង​កប៉ាល់​ហ្វ៊ីលីពីន និង​ចិន​នៅ​តំបន់​ថ្មប៉ប្រះ​ទឹក​ដែលជាតំបន់​មាន​ជម្លោះស្រាប់។ ឧបទ្ទវហេតុនេះ​បានបណ្ដាលមកពីការប៉ះទង្គិចគ្នា ហើយ​កប៉ាល់​ចិន​បានប្រើ​កាណុង​បាញ់​ទឹកសំដៅទៅកាន់កប៉ាល់របស់ហ្វីលីពីន។​

ប្រធានាធិបតីហ្វ៊ីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) បាននិយាយនៅក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ NHK របស់ប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍ថា ស្ថានភាពនៅសមុទ្រចិនខាងត្បូងកាន់តែមានភាពស្មុគស្មាញជាងមុន។​

ការិយាល័យរបស់លោកបានដកស្រង់សម្ដីរបស់លោកថា​ កាលណាប្រទេសចិនកាន់តែបង្ហាញអំណួតកាន់តែខ្លាំង បញ្ហាប្រឈមសម្រាប់ប្រទេសជិតខាងនៅអាស៊ីក៏ខ្លាំងដូចគ្នា ដូច្នេះហើយ រដ្ឋាភិបាលក្រុងម៉ានីលនឹងពង្រឹង​ទំនាក់ទំនង​ជាមួយ​ទីក្រុង​តូក្យូ ទីក្រុងវ៉ាស៊ីនតោន និងបណ្ដា​ប្រទេស​សម្ព័ន្ធមិត្តដទៃទៀតដើម្បីធ្វើ​សមយុទ្ធ​រួមគ្នា៕​

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖​ Channel NewsAsia

Japan, ASEAN agree to boost maritime security cooperation

https://www.channelnewsasia.com/asia/japan-asean-agree-boost-maritime-security-commemorative-summit-3994856

ads banner