អេឡុន ម៉ាស់ និយាយថាប្រេងនិងឧស្ម័នមិនគួរបោះបង់ភ្លាមៗពេកទេ
រ៉ូម៖ លោក អេឡុន ម៉ាស់(Elon Musk)ស្ថាបនិកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កាលពីថ្ងៃសៅរ៍ទី១៧ ខែធ្នូ ឆ្នាំ២០២៣ បាននិយាយថា ប្រេង និងឧស្ម័ន មិនទាន់គួរត្រូវពិចារណាឈប់ប្រើប្រាស់ក្នុងរយៈពេលមធ្យមនោះទេប៉ុន្តែលោកក៏បាននិយាយថា វាមានសារៈសំខាន់ក្នុងការកាត់បន្ថយការបញ្ចេញកាបូនដើម្បីការពារភពផែនដីដែរ។
នៅក្នុងកិច្ចជួបជុំនយោបាយស្តាំនិយមដែលរៀបចំដោយគណបក្ស Brothers of Italy របស់នាយករដ្ឋមន្រ្តីអ៊ីតាលី Giorgia Meloni លោក Musk បាននិយាយថា ការព្រមានអំពីការប្រែប្រួលអាកាសធាតុក្នុងរយៈពេលខ្លីគឺនិយាយបំផ្លើស ដោយបន្ថែមថាចលនាបរិស្ថានអាចនឹងទៅឆ្ងាយពេក ដែលបណ្តាលឱ្យមនុស្សបាត់បង់ជំនឿទៅថ្ងៃអនាគត។
គួរជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP28 ក្នុងខែនេះ អ្នកតំណាងមកពីប្រទេសជិត ២០០ ប្រទេស បានព្រមព្រៀងគ្នាដើម្បីចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាសាកល ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុដ៏អាក្រក់បំផុត ដែលជាសញ្ញាបង្ហាញពីការបញ្ចប់នៃយុគសម័យប្រេង។
ដោយឡែក លោក Musk បាននិយាយថា លោកចាត់ទុកខ្លួនជាអ្នកបរិស្ថាន ហើយបានបន្ថែមថា វាពិតជា សំខាន់បែបនោះមែនបើគិតក្នុងរយៈពេលយូរ ដោយឧស្សាហកម្មកាត់បន្ថយកាបូនរាប់ពាន់លានដែលពួកគេយកពីផែនដី ហើយបញ្ចេញទៅក្នុងបរិយាកាសដោយការដុតឥន្ធនៈហ្វូស៊ីល។
ក៏ប៉ុន្តែម្តងហើយម្តងទៀតមហាសេដ្ឋីរូបនេះបានបញ្ជាក់ថា ៖ «យើងមិនគួរបោះបង់ប្រេង និងឧស្ម័នក្នុងរយៈពេលមធ្យមនោះទេ»។
ក្រៅតែពីនិយាយបញ្ហាប្រេង នៅពេលដែលអ្នកសម្របសម្រួលសួរថាតើក្រុមហ៊ុនរបស់លោកនឹងវិនិយោគនៅក្នុងប្រទេសអ៊ីតាលីឬទេ លោក Musk បាននិយាយថាលោកមានការព្រួយបារម្ភអំពីការថយចុះអត្រាបង្កកំណើតរបស់ប្រទេសនេះ។
លោក Elon Musk បកស្រាយថា ៖ «ខ្ញុំគិតថា ប្រទេសអ៊ីតាលីជាកន្លែងវិនិយោគដ៏ល្អ ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា ខ្ញុំបារម្ភអំពីអត្រាកំណើតទាប។ ប្រសិនបើកម្លាំងពលកម្មធ្លាក់ចុះតើអ្នកណានឹងធ្វើការ»។
ស្របពេលជាមួយគ្នានេះ លោកបានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីតាលីបង្កើនការលើកទឹកចិត្តសម្រាប់គ្រួសារឱ្យមានកូនកាន់តែច្រើន ដោយបន្ថែមថាប្រទេសមួយមិនអាចពឹងផ្អែកតែលើលំហូរជនអន្តោប្រវេសន៍ដើម្បីបំពេញចន្លោះនោះទេ។
គួរឱ្យដឹងដែរថា ប្រទេសអ៊ីតាលីបានកំណត់ថវិកាប្រហែល ១ពាន់លានអឺរ៉ូ នៅក្នុងគម្រោងថវិកាឆ្នាំក្រោយ ដើម្បីដោះស្រាយវិបត្តិប្រជាសាស្រ្តរបស់ប្រទេស។ អត្រាបង្កកំណើតនៅប្រទេសអ៊ីតាលីបានធ្លាក់ចុះ ១៤ ឆ្នាំជាប់ៗគ្នា ជាចំនួនទាបបំផុតចាប់តាំងពីការបង្រួបបង្រួមប្រទេសក្នុងឆ្នាំ ១៨៦១៕
ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ Elon Musk says oil and gas should not be demonized
https://www.reuters.com/business/energy/oil-gas-should-not-be-demonized-elon-musk-says-2023-12-16/