នគរបាលខណ្ឌដង្កោ បង្ហាញមុខជនសង្ស័យជាជនជាតិនីហ្សេរីយ៉ា២នាក់ និងស្ដ្រី ខ្មែរ ម្នាក់ពាក់ព័ន្ធ ករណីឆបោកលុយជាង ១ម៉ឺនដុល្លារ
ភ្នំពេញ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បានបង្ហាញ មុខជនសង្ស័យជនជាតិនីហ្សេរីយ៉ា២នាក់ និងស្ដ្រី ខ្មែរម្នាក់ពាក់ព័ន្ធ ករណីឆបោកលុយជាង ១ម៉ឺនដុល្លារ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោយពីជនរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។
លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួនរួមមាន៖ ទី០១ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ០៩ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ -ទី០២ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ និងទី០៣ឈ្មោះ មិត្ត ស្រីនី ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
លោកអធិការខណ្ឌដង្កោបានឲ្យដឹងទៀតថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៩ និង៤៥ នាទី មានគណនីហ្វេសប៊ុក ឈ្មោះ Favour Grace Williams ដែលដាក់រូបមនុស្សស្រីនៅលើ Profile បានផ្ញើសារចូលមកគណនីហ្វេសប៊ុក របស់ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ ដែលមានហ្វេសប៊ុក ឈ្មោះ Kuy Savoeurn សុំធ្វើការទំនាក់ ទំនងជាមួយជនរងគ្រោះ រួចជនរងគ្រោះក៏បានផ្ញើសារតបទៅវិញព្រោះគិតថា គ្រាន់តែសុំរាប់អានគ្នា ។
បន្ទាប់មកឈ្មោះ Favour Grace Willi ams បានផ្ញើសារអំពីព័ត៌មានផ្ទាល់ខ្លួនរបស់គេប្រាប់ជនរងគ្រោះ ថែមទាំងបានផ្ញើលិខិត ឆ្លងដែន មានឈ្មោះ HELEN GRACE WILLIAMS ជាជនជាតិអាម៉េរិក ធ្វើការជាគិលានុបដ្ឋាយិការយោធា បម្រើការងារ នៅជំរុំយោធា ក្នុងក្រុងដាម៉ាស ប្រទេសស៊ីរី ហើយគណនីហ្វេសប៊ុកខាងលើ បានផ្ញើសារមកជនរងគ្រោះថា រូបគេចង់ពិភាក្សាអ្វីមួយដែលសំខាន់ជាមួយជនរងគ្រោះ គឺថារូបគេ រើសបានប្រអប់មួយនៅក្រោមដើមឈើ ដែលនៅក្នុងប្រអប់នោះមានទឹកប្រាក់យ៉ាងច្រើនទៅដល់ ៣.៥ លាន ដុល្លារអាម៉េរិក ហើយរូបគេចង់យកលុយនោះមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ។
ហើយឱ្យជនរងគ្រោះអ្នកទទួលលុយនោះ នៅក្រុមហ៊ុនអាកាសចរណ៍ ប៉ុន្តែឱ្យជនរង គ្រោះផ្ញើអាសយដ្ឋានរបស់ជនរងគ្រោះទៅរូបគេសិន រួចជនរងគ្រោះក៏បានផ្ញើអាសយដ្ឋានទៅឱ្យគេ ហើយគណនីហ្វេសប៊ុកខាងលើ បានផ្ញើកញ្ចប់អីវ៉ាន់ និងវិក្កយបត្រផ្ញើអីវ៉ាន់តាមក្រុមហ៊ុនដឹក ជញ្ជូនមកឱ្យជនរងគ្រោះបានឃើញជាមុនសិន ។
ក្រោយមកទៀត នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ប្រហែល០៨និង០០នាទីព្រឹក ជនរងគ្រោះកំពុងតែនៅខេត្តកំពត ស្រាប់តែមានបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់ មិនស្គាល់ឈ្មោះ ភេទប្រុស បានប្រើលេខ ទូរស័ព្ទ ០៩៣ ២១ ៩៩ ៦១ ទូរស័ព្ទចូលលេខ ០៩៦ ៨៩៨ ៥៥៥៩ របស់ជនរងគ្រោះប្រាប់ថា អីវ៉ាន់របស់បងមកដល់ហើយ សូមបងចាំទទួលអីវ៉ាន់ មួយសន្ទុះបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនខាងលើ ក៏បានប្រើលេខទូរស័ព្ទលេខ ០៩៣ ២១ ៩៩ ៦១ ដដែល ចូលមកលេខទូរស័ព្ទជនរងគ្រោះម្តងទៀត ប្រាប់ថា អីវ៉ាន់ដែលផ្ញើមកនោះ ត្រូវបង់ពន្ធចំនួន ៧៥០ ដុល្លារ អាម៉េរិក តម្រូវឱ្យជនរងគ្រោះផ្ញើលុយទៅឱ្យរូបគេ រួចជនរងគ្រោះក៏បានផ្ញើលុយចំនួន ៧៥០ ដុល្លារអាម៉េរិកនោះទៅតាមភ្នាក់ងារវីងនៅខេត្តកំពត។
បន្ទាប់មកលេខទូរស័ព្ទខាងលើ បាននិយាយហេតុផលផ្សេងៗ ធ្វើឱ្យជនរងគ្រោះផ្ញើលុយឱ្យរូបគេ តាមភ្នាក់ងារវីង នៅក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ អស់លុយសរុបចំនួន ១០៧៥០ ដុល្លារ (មួយម៉ឺនសូន្យពាន់ប្រាំពីររយហាសិបដុល្លារអាម៉េរិក) ហើយជនរងគ្រោះពុំបានទទួលអីវ៉ាន់អ្វីសោះ។ លុះដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩និង០០នាទី លេខទូរស័ព្ទខាងលើ គឺមានមនុស្សស្រីមិនស្គាល់ឈ្មោះ បានទូរស័ព្ទចូលមកលេខរបស់ជនរងគ្រោះ តម្រូវឱ្យជនរងគ្រោះផ្ញើលុយទៅឱ្យរូបគេ ចំនួន១០០០០ ដុល្លារ (មួយម៉ឺនដុល្លារអាម៉េរិក)ថែមទៀត ទើបជនរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌង្កោ ដើម្បីឱ្យសមត្ថកិច្ចឃាត់ខ្លួនក្រុម ជនសង្ស័យខាងលើ យកមកធ្វើការសាកសួរបន្ត។
វត្ថុតាងចាប់យករបស់ជនសង្ស័យរួមមាន៖ កុំព្យួទ័រចំនួន៣គ្រឿង, ម៉ូតូចំនួន៣គ្រឿង លិខិតឆ្លងដែនចំនួន៤ក្បាល និងស៊ីមកាតគ្រប់ប្រព័ន្ធមួយចំនួនធំ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីរួមទាំងវត្ថុតាង កំពុងឃុំខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕ដោយ៖ ភារ៉ា និងប៊ុនធី