សហព័ន្ធកីឡាការ៉ាតេ ពិភាក្សាលើការជ្រើសរើសគ្រូជម្រើសជាតិពីបរទេស ដើម្បីសម្រួចគោលដៅ សម្រាប់ស៊ីហ្គេម នៅកម្ពុជា
គណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបើកកិច្ចប្រជុំនៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្តីពីរបាយការណ៍វឌ្ឍនភាពការងារ នៃគណៈកម្មការជំនាញ ទាំង ៥ និងពិភាក្សាលើការជ្រើសរើសគ្រូបង្វឹកជម្រើសជាតិពីបរទេស ដើម្បីសម្រួចគោលដៅឆ្ពោះទៅ ប្រជែងមេដាយ នៅក្នុងដំណើរឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។
កិច្ចប្រជុំត្រូវបានប្រារព្ធធ្វើឡើងក្រោមវត្តមាន ឯ ឧ ជូ វិជិត្ត អនុប្រធានប្រចាំការ នៃសហព័ន្ធ កីឡាការ៉ាតេកម្ពុជា ដោយផ្តោតសំខាន់លើរបាយការណ៍វឌ្ឍនភាព ការងាររបស់គណៈកម្មការជំនាញ របស់ខ្លួនទាំង៥, ការជ្រើសរើសគ្រូបង្វឹកបរទេស, ការរៀបចំសាលហ្វឹកហាត់ និងសាងសង់អគារថ្មី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាលើកឡើងនូវគោលដៅពង្រឹងគុណភាព ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិផងដែរ ។
ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានលើកឡើងថា សម្រាប់ផ្នែក បច្ចេកទេស គឺត្រូវរៀបចំផែនការអភិវឌ្ឍកីឡាករ កីឡាការិនី ការអភិវឌ្ឍមន្រ្តីបច្ចេកទេសកីឡាការ៉ាតេ ពិសេសគ្រូបង្វឹកជំនាញកីឡាការ៉ាតេ ការប្រកួតប្រចាំឆ្នាំទាំងថ្នាក់ជាតិ និងអន្តរជាតិ រៀបចំប្រឡងឡើង កម្រិតខ្សែក្រវ៉ាត់ដាន់ប្រចាំឆ្នាំរបស់ខ្លួន ។ ដឹកនាំគ្រប់គ្រងសហការជាមួយគ្រូបង្វឹកជម្រើសជាតិ ដើម្បី អភិវឌ្ឍគុណផលកីឡាកម្រិតខ្ពស់ក្រុមជម្រើសជាតិ រៀបចំគ្រប់គ្រងទីលានហ្វឹកហាត់ បំពាក់ឧបករណ៍ សម្ភារៈហ្វឹកហាត់ និងស្នើសុំការឧបត្ថម្ភគាំទ្រលើកទឹកចិត្តតាមដានវាយតម្លៃ និងជ្រើសរើសក្រុមកីឡា ជម្រើសជាតិការ៉ាតេទាំងកីឡាករ កីឡាការិនី និងគ្រូបង្វឹកគ្រប់កម្រិតវាយតម្លៃ ត្រៀមចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិគ្រប់កម្រិត ។
អង្គប្រជុំបានពិភាក្សាគ្នាលើការវាយតម្លៃលក្ខណៈសម្បត្តិរបស់គ្រូបង្វឹកបរទេស ដែលមានបេក្ខភាពគ្រូបង្វឹកបរទេសចំនួន០៤រូប ខាងប្រយុទ្ធ (Kumite) និងខាង Kata ម្នាក់ពីជប៉ុន ។ តាម លក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌតម្រូវរបស់សហព័ន្ធ គឺយើងមិនអាចរកគ្រូបង្វឹកការ៉ាតេ ឱ្យត្រូវតាម លក្ខខណ្ឌ ប៉ុន្តែយើងអាចឃើញមានលក្ខណៈសមស្របតាមលក្ខខណ្ឌតម្រូវច្រើនចំណុចដែរ ។
១. គ្រូបង្វឹកការ៉ាតេបរទេស ដែលមានមូលដ្ឋានធនធានបច្ចេកទេសកីឡាការ៉ាតេកម្រិតខ្ពស់ ។
២.គ្រូបង្វឹកការ៉ាតេបរទេស ដែលមានសញ្ញាបត្រគ្រូបង្វឹកពី WKF និងចេះនិយាយភាសា អង់គ្លេស ។
៣. គ្រូបង្វឹកការ៉ាតេបរទេស ដែលមានបទពិសោធន៍ក្នុងការបង្ហាត់ក្រៅប្រទេសយូរឆ្នាំ និង ដឹកនាំចូលរួម ។ ការប្រកួតអន្តរជាតិច្រើនដង ពិសេសធ្វើឱ្យកីឡាករ កីឡាការិនី ដែលខ្លួនធ្លាប់បង្ហាត់ ដណ្ដើមបានមេដាយ ។
៤. គ្រូបង្វឹកការ៉ាតេបរទេស ដែលមានឆន្ទៈផ្ទេរចំណេះដឹងជំនាញ និងមាន សីលធម៌រស់នៅល្អ សម្របសម្រួលតាមវប្បធម៌រស់នៅក្នុងប្រទេសដែលខ្លួនបង្ហាត់បង្រៀនបាន ។
៥.គ្រូបង្វឹកការ៉ាតេបរទេស ដែលមានភាពជាអ្នកដឹកនាំល្អ និងសុខភាពរឹងមាំ អាយុមិនលើសពី ៥៥ឆ្នាំ និងទី៦.គ្រូបង្វឹកការ៉ាតេបរទេស ដែលមិនទាមទារលក្ខខណ្ឌអត្ថប្រយោជន៍ខ្ពស់ពេក ៕ រូបភាព Page Camsoc