គ្រូបង្វឹក U19 កម្ពុជា បញ្ជាក់ថា កីឡាករមួយចំនួនរក្សាកម្លាំង និងធ្វើបានល្អ ប៉ុន្តែកីឡាករខ្លះលេងខ្វះ កិច្ចសហការ និងកីឡាករខ្លះទៀតលេងអន់

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាប់ពីប្រកាសបញ្ជីឈ្មោះកីឡាករអាយុក្រោម១៩ឆ្នាំមកពីបណ្តាក្លិបនានាចំនួន៣៨នាក់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចាប់ផ្តើមធ្វើតេស្តដំបូង កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ ត្រៀមការប្រកួតពានរង្វាន់ AFC U19 Championship ដែលគ្រោងនឹងប្រកួត នាខែតុលា ឆ្នាំ២០២០ នៅប្រទេសអ៊ូបេគីស្ថាន ។

គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ដែលជាជនជាតិជប៉ុន លោក Koji Gyotoku បានលើកឡើងថា «កំឡុងពេលហ្វឹកហាត់នេះ កីឡាករដែលមានឈ្មោះមិនប្រាកដថានឹងមានឈ្មោះរហូតដល់បញ្ជីចុងក្រោយនោះទេ យើងនឹងមើលលើការហ្វឹកហាត់ និងពេលពួកគេលេងក្នុងការប្រកួតលីគកម្ពុជា ដូច្នេះពួកគេអាចនឹងត្រូវជំនួសដោយកីឡាករផ្សេងទៀតដែលមិនមានឈ្មោះក្នុងបញ្ជីហ្វឹកហាត់នេះ ។

ហើយការធ្វើតេស្ដលើកទី១នេះដែរ លោក Koji សង្កេតឃើញថា កីឡាករមួយចំនួនរក្សាកម្លាំង និងធ្វើបានល្អ ហើយកីឡាករខ្លះលេងតាមចិត្តខ្វះកិច្ចសហការ និងកីឡាករខ្លះទៀត ក៏លេងអត់ទាន់ល្អដែរ ។ លោកសញ្ជាតិជប៉ុនរូបនេះ បន្ថែមថា ក្រៅពីកីឡាករក្នុងស្រុក លោកក៏បានសម្លឹងមើលកីឡាករ ដែលមានសញ្ជាតិខ្មែរកាត់បរទេសដែរ សម្រាប់មកចូលរួមជាមួយក្រុម បើសិនជាពួកគេមានគុណភាពល្អ យើងនឹងជ្រើសរើសមកចូលរួមជាមួយក្រុម ។

ពួកយើងព្យាយាមត្រៀមហ្វឹកហាត់ សម្រាប់ចូលរួមលេងក្នុងពានរង្វាន់ AFF និង AFC ក្នុងឆ្នាំ២០២០នេះ ប៉ុន្តែដោយសារបញ្ហា COVID-19 ដែលជំរុញឲ្យកម្មវិធីប្រកួតអាចនឹងត្រូវពន្យាពេល ដូច្នេះអ្វីៗ គឺមិនទាន់មានភាពច្បាស់លាស់នោះទេ ប៉ុន្តែយើងនៅតែត្រៀមខ្លួនឲ្យបានល្អ ។ សូមរំលឹកថា ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ គឺជាក្រុមចំណាត់ថ្នាក់លេខ២ល្អលំដាប់ទី៥ ក្រោយប្រកួតនៅវគ្គជម្រុះ ឈ្នះ៣ប្រកួត និងចាញ់១ប្រកួត នៅក្នុងពូលG ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតពានរង្វាន់ AFC U19 Championshipផ្ដាច់ព្រ័ត្រ គ្រោងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលាខាងមុខ ដោយកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះអ៊ូបេគីស្ថាន ឥណ្ឌូនេស៊ី និងក្រុមខ្លាំងអ៊ីរ៉ង់ ។ កម្មវិធីប្រកួតក្នុងពូល រួមមានកម្ពុជា ត្រូវជួបឥណ្ឌូនេស៊ីមុនគេ នាថ្ងៃទី១៤-តុលា បន្ទាប់មកជួបក្រុមម្ចាស់ផ្ទះអ៊ូបេគីស្ថាន នាថ្ងៃទី១៧-តុលា និងចុងក្រោយជួបក្រុមលេខ ២ នៅអាស៊ី គឺក្រុម U19 អ៊ីរ៉ង់ នៅថ្ងៃទី២០-តុលា ឆ្នាំ២០២០ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner