ឯកឧត្តមខៀវកាញារីទ្ធ អញ្ជើញប្រកាសតែងតាំង លោកស្រី សម ផល្លា ជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ជំនួសលោកជាក្រូចដែលត្រូវចូលនិវត្តន៍

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ចាម៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមខៀវកាញារីទ្ធ បានអញ្ជើញចូលរួមប្រកាសតែងតាំងលោកស្រី សម ផល្លា ជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាមថ្មី ជំនួសលោក ជា ក្រូច ដែលត្រូវចូលនិវត្តន៍ ពិធីនេះត្រូវបានធ្វើឡើងនៅសាលាខេត្តកំពង់ចាម ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំមន្ទីរព័ត៌មានព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត និងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

បន្ទាប់ពីទទួលបានការតែងតាំងលោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានថ្មីបានឡើងប្តេជ្ញាចិត្តខិតខំពង្រឹងសាមគ្គីភាព ផ្ទៃក្នុងឲ្យបានល្អ នៅក្នុងមន្ទីរ និងបណ្តាការិយាល័យអង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋានពិសេសអាជ្ញាធរខេត្ត ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានា និងច្បាប់របស់រដ្ឋការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសនោះដែរឯកឧត្ដម ខៀវ កាញារីទ្ធ បានផ្ដាំផ្ញើដល់ប្រធានមន្ទីរព័ត៌មានថ្មី ឲ្យធ្វើការដឹកនាំប្រកបដោយភាពយុត្តិធម៌ និងត្រូវមានការប្រជុំជារៀងរាល់ព្រឹកដើម្បីប្រមូលរាល់ទិន្នន័យសកម្មភាព និងហេតុការណ៍ផ្សេងៗដេីម្បីរាយការណ៍ទៅដល់ថ្នាក់ដឹកនាំ និងធ្វើការផ្សព្វផ្សាយទៅដល់មហាជនផងដែរ។

ជាមួយគ្នានោះឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់ប្រធានមន្ទីរថ្មី ឲ្យមានការខិតខំពង្រឹងសមត្ថភាពវិវត្តន៍តាមសម័យកាលជឿនលឿន ហើយទាមទារឲ្យមានការតាំងចិត្តមុតមាំក្នុងការដឹកនាំមន្ត្រីក្រោមឱវាទ ជាពិសេសត្រូវខិតខំគ្រប់គ្រង និងតាមដានព័ត៌មានដេីម្បីធ្វើការប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ហើយត្រូវខិតខំផលិតព័ត៌មានបទយកការណ៍ដេីម្បីធ្វើការផ្សព្វផ្សាយ ព្រមទាំងត្រូវខិតខំថែរក្សាសមិទ្ធផលដែលមានស្រាប់របស់មន្ទីរព័ត៌មានខេត្ត និងអភិវឌ្ឍន៍ឲ្យកាន់តែល្អទៅតាមសម័យកាល Digital នេះផងដែរ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner