អាជ្ញាធរពាក់ព័ន្ធមួយចំនួនបានធ្វើដំណើរដោយកង់ ដើម្បីទៅចូលរួមពិធីដាំដើមឈើប្រណីត និងឈើផ្កាព្រៃចំនួន៤០០ដើម ត្រូវបានដាំក្នុងបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន»

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ អាជ្ញាធរពាក់ព័ន្ធមួយចំនួនបានធ្វើដំណើរដោយកង់ ដើម្បីទៅចូលរួមពិធីដាំដើមឈើប្រណីតៗ មានធ្នង់ ក្រញូង បេង នាងនួន សុក្រំ និងឈើផ្ការំដួល ថ្កុលមាស សរុបចំនួន៤០០ដើម បានដាំនៅក្នុងបរិវេណប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រោមប្រធានបទ «សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន»។ ពិធីដាំកូនឈើនេះផ្តួចផ្តើមដោយឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រី បុគ្គលិកតាមស្ថាប័នមួយចំនួនសរុប២៣៤នាក់។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ហង់ ពៅ បានលើកឡើងថា អាជ្ញាធរជាតិអប្សរា បានដាំកូនឈើនៅក្នុងឧទ្យានអង្គរចាប់ពីឆ្នាំ២០០៤ ជាប្រយោជន៍សម្រាប់ការរស់នៅ  និងការអភិរក្សប្រាង្គប្រាសាទ រួមទាំងបម្រើឱ្យវិស័យទេសចរណ៍ផង។ ឯកឧត្តម ក៏បានបញ្ចាក់ថា មុនកាប់ដើមឈើមួយដើមៗ គួរពិចារណាពីផលប្រយោជន៍របស់ដើមឈើ ហើយចូលរួមដាំឡើងវិញទាំងអស់គ្នា និងចងចាំថា «ដើមឈើខ្ញុំនៅក្នុងតំបន់អង្គរ»។ ក្នុងនោះដែរ ជាគោលដៅឆ្នាំនេះ អាជ្ញាធរជាតិអប្សរានឹងចែកជូនកូនឈើជាង១សែនដើម ឱ្យទៅសាធារណជនយកទៅដាំនៅតាមសហគមន៍ និងបង្កើតគម្របបៃតងដល់បរិស្ថាន។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ក៏បានលើកឡើងផងដែរថា គ្រប់គ្នាតែងមានគំនិតព្រួយបារម្ភ ពីការរេចរិលព្រៃឈើនៅក្នុងប្រទេសកម្ពុជា នាំឱ្យបាត់បង់ទំនុកចិត្តក្នុងការដាំដើមឈើឡើងវិញ តែសូមតាំងស្មារតីឡើងដើម្បីរួមគ្នាជាថ្មី ប្រយុទ្ធប្រឆាំងជាមួយការកាប់បំផ្លាញព្រៃឈើ ឱ្យស្របតាមប្រសាសន៍របស់សម្តេចតេជោ គឺត្រូវដាំដើមឈើឱ្យបានរាប់ម៉ឺនហិចតា រាប់លានដើមនៅក្នុងប្រទេសកម្ពុជា ខណៈស្រុកទេសមានសុខសន្តិភាព។ លោក បានបន្តថា សូមកុំឱ្យមានត្រឹមទស្សនៈស្រឡាញ់ដើមឈើ តែមិនដាំ ហើយនាំតែគ្នាបំផ្លាញ។

ក្នុងនាមជាអ្នកផ្តួចផ្តើមពិធីដាំដើមឈើ ឯកឧត្តម គី តិច បានថ្លែងអំណរគុណចំពោះការសម្របសម្រួល របស់អាជ្ញាធរជាតិអប្សរា និងគណៈអភិបាលខេត្តសៀមរាប រួមទាំងប្រជាពលរដ្ឋអនុញ្ញាត ឱ្យក្រុមមេធាវីបានដាំដើមឈើនៅក្នុងបរិវេណខាងត្បូងប្រាសាទអង្គរវត្ត ទុកជាកេរ្តិ៍តំណែល និងជាគំរូសម្រាប់បំផុសទឹកចិត្តឱ្យសាធារណជនស្រឡាញ់ ព្រមទាំងចូលរួមដាំដើមឈើទាំងតាមទីសាធារណៈ ស្ថាប័ន តំបន់ប្រវត្តិសាស្ត្រ និងសហគមន៍ដែលខ្លួនរស់នៅកាន់តែច្រើន។ ឯកឧត្តម ក៏បានបញ្ចាក់ពីមូលហេតុនៃការរៀបចំពិធីនេះ គឺក្រោមការដឹកនាំរបស់សម្តេចតេជោ បានធ្វើឱ្យប្រទេសមានសន្តិភាព ដែលនាំមកនូវការអភិវឌ្ឍ យុត្តិធម៌ សាសនាសុខុដុមរមនា ការការពារបេតិកភណ្ឌ និងបរិស្ថានបានល្អ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner