ចិនសន្យាសងសឹកសហរដ្ឋអាម៉េរិកវិញ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មលើសំណុំរឿងច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង
ចិន៖ ប្រទេសចិន នៅថ្ងៃពុធនេះ បានបញ្ជាក់ថា ខ្លួននឹងចាត់វិធានការតបតវិញ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ និងបទបញ្ជាប្រតិបត្តិ ដែលមានគោលដៅឱ្យចិនទទួលខុសត្រូវចំពោះទង្វើឃោរ ឃៅ ដែលខ្លួនបានប្រព្រឹត្ត តាមរយៈការដាក់ច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសចិនបានលើកឡើងថា ចិននឹងចាត់វិធានការណ៍ចាំបាច់នានាក្នុងការឆ្លើយតបវិញ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ក៏ដូចជាដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នអាម៉េរិកដែលមានជាប់ពាក់ព័ន្ធ ។ បន្ថែមលើនេះ ក្រសួងការបរទេសចិនថែមទាំងប្រកាសប្រឆាំងដាច់ខាត ចំពោះសកម្មភាពសហរដ្ឋអាម៉េរិកចុងក្រោយនេះ និងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។
គួរបញ្ជាក់ថា ប្រតិកម្មខ្លាំងៗរបស់ចិនខាងលើនេះ បានកើតមានឡើងក្រោយលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់មួយ ដែលត្រូវបានអនុម័តដោយសភាអាម៉េរិក ដើម្បីដាក់ទណ្ឌកម្មលើធនាគារទាំងឡាយណា មានទំនាក់ទំនងជាមួយក្រុមមន្ត្រីចិន ដែលចូលរួម ឬមានជាប់ពាក់ព័ន្ធនឹងការដាក់ឱ្យអនុវត្តន៍ច្បាប់សន្តិសុខជាតិថ្មីរបស់ប្រទេសចិនលើទីក្រុងហុងកុង ៕