ឯកឧត្តម សូ ម៉ារ៉ា ដឹកនំាក្រុមការងារ នំាយកប័ណ្ណសមធម៌ និងអំណោយរបស់សម្តេចតេជោ ទៅចែកជូនប្រជាពលរដ្ឋ ងាយរងគ្រោះ ៥១គ្រួសារ ក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ
ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ខណ្ឌដូនពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាល ខណ្ឌដូនពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប័ណ្ណសមធម៌ គ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ ចំនួន៥១គ្រួសារ វត្តវិមានតេជៈ ហៅវត្តស្រះចក ដែលជាអំណោយ របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលពិធីនេះត្រូវបានធ្វើទ្បើង នៅក្នុងវត្តវិមានតេជៈ ហៅវត្តស្រះចក នៅថ្ងៃច័ន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សូ ម៉ារ៉ា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់បំផុត ចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ជាពិសេស ក្នុងពេលដែលពិភពលោក កំពុងព្រួយបារម្ភ ការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិពលជំងឺកូវីដ-១៩ បានបណ្ដាលឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ច និងជីវភាព របស់បងប្អូន ក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ ។
ឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌដូនពេញ ក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តឱ្យបានជាប្រចាំ នូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល គឺត្រូវដុសលាងសម្អាតដៃជាប្រចាំ ដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានា ។ ម្យ៉ាងវិញទៀតត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ សំខាន់កាត់បន្ថយឱ្យបាន នូវគ្រោះថ្នាក់ចរាចរណ៍ ធ្វើការអប់រំកូនចៅ ជៀសឆ្ងាយពីគ្រឿងញៀន និងខិតខំប្រកបមុខរបរបង្កបន្ថែម ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ ។
អំណោយដែលបានផ្តល់ជូន ប្រជាពលរដ្ឋ ទំាង៥១គ្រួសារ ដោយមួយគ្រួសារៗ ទទួលបាន អង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន ១កេស សាប៊ូលាងដៃ ចំនួន៤ដុំតូច ទឹកត្រី១យួរ ថ្នាំដុះធ្មេញ ចំនួន១ឡូ រួមនិង ថវិកា ២ម៉ឺនរៀល ផងដែរ៕