លោក ដូណាល់ ត្រាំ ប្រកាសបិទទ្វារចរចាពាណិជ្ជកម្មដំណាក់កាលទី ២ ជាមួយចិន ព្រោះតែបញ្ហា COVID-19
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន CBS ថា ឱកាសបើកកិច្ចចរចាពាណិជ្ជកម្មដំណាក់កាលទី ២ បានស្លាប់បាត់ទៅហើយ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។
ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ បានបន្ថែមថា យើងបានបង្កើតកិច្ចព្រមព្រៀងដ៏អស្ចារ្យដំណាក់កាលទី ១ រួចមកហើយ ប៉ុន្តែនៅពេលកិច្ចព្រមព្រៀងត្រូវបានសម្រេច ហើយទឹកប៊ិចមិនទាន់ស្ងួតផងនោះ ពួកគេបែបជាវាយប្រហារយើងដោយមេរោគ COVID-19 ។
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ចិនបានសន្យាទិញទំនិញ កសិកម្ម ថាមពល និងសេវាកម្មពីសហរដ្ឋអាម៉េរិក នៅក្នុងទំហំទឹកប្រាក់២០០ពាន់លានដុល្លារ សម្រាប់រយៈពេល០២ឆ្នាំ ។ ប៉ុន្តែលោក ត្រាំ បានអះអាងថា បញ្ហាបង្កឡើងដោយ COVID-19 នាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យលោកផ្លាស់ប្តូរទស្សនៈចំពោះកិច្ចព្រមព្រៀងដំណាក់កាលទី១ នោះទៅហើយ ៕