កូរ៉េខាងជើងបាញ់មីស៊ីលរយៈចម្ងាយខ្លី ព្រមានអាមេរិកដែលបង្កើនភាពតានតឹងក្នុងតំបន់

ព្យុងយ៉ាង៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីដែលជាការសម្ញែងសាច់ដុំ ក៏ដូចជាព្រមានយោធាអាមេរិក និងផ្គើនចំពោះវត្តមាននៃនាវាមុជទឹកថ្មីរបស់កូរ៉េខាងត្បូងផង។

បើយោងតាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង(JCS) មីស៊ីលនោះត្រូវបានបាញ់ឆ្ពោះទៅកាន់សមុទ្រ ដោយហោះចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើងនិងហោះបានចម្ងាយប្រហែល៥៧០ គីឡូម៉ែត្រ (៣៥០ ម៉ាយ) មុនពេលធ្លាក់ក្នុងសមុទ្រ។

ការបាញ់បង្ហោះនេះធ្វើឡើងបន្ទាប់ពីមន្ត្រីរបស់ទីក្រុងសេអ៊ូល និងតូក្យូព្រមានកូរ៉េខាងជើងពីការធ្វើសកម្មភាពរៀបចំបាញ់សាកល្បងមីស៊ីល ដែលរួមមានទាំងមីស៊ីលឆ្លងទ្វីបរយៈចម្ងាយឆ្ងាយបំផុតមួយ (ICBMs) របស់ពួកគេ នៅក្នុងខែនេះ។

តិចជាងកន្លះម៉ោងបន្ទាប់ពីការបាញ់បង្ហោះមីស៊ីលនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានផ្សាយសេចក្តីថ្លែងការណ៍មួយដែលរិះគន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងចំពោះការបង្កើនភាពតានតឹងជាមួយខ្លួន តាមរយៈការបង្ហាញកម្លាំង និងការធ្វើផែនការសង្គ្រាមនុយក្លេអ៊ែរ។

ក្នុងនោះ ក៏មានការលើកឡើងពីការមកដល់នៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកឈ្មោះ Missouri នៅក្នុងកំពង់ផែទីក្រុងប៊ូសានរបស់កូរ៉េខាងត្បូងផងដែរ។

បន្ថែមពីនោះ កូរ៉េខាងជើងបានរិះគន់ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកចំពោះការប្រជុំក្រុមប្រឹក្សានុយក្លេអ៊ែរលើកទីពីររបស់ពួកគេ នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រ ដែលទីក្រុងព្យូងយ៉ាងអះអាងថា ជាផ្នែកមួយនៃការចងមេត្រីភាព និងរួមគ្នាធ្វើផែនការសង្គ្រាមនុយក្លេអ៊ែ។

ប៉ុន្តែយ៉ាងណា រាល់សកម្មភាពមីស៊ីលផ្លោងរបស់កូរ៉េខាងជើងត្រូវបានហាមឃាត់ដោយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទោះបីជាទីក្រុងព្យុងយ៉ាងព្យាយាមការពារថាជាសិទ្ធិអធិបតេយ្យភាពក្នុងការការពារខ្លួនក៏ដោយ។

ដោយយោងតាមការហាមឃាត់ខាងលើនេះ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «ការបាញ់មីស៊ីលផ្លោងនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងគឺជាការរំលោភយ៉ាងច្បាស់ក្រឡែតទៅលើចំណាត់ការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង និងកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា»៕ ប្រែសម្រួល៖ កែវ បុស្បា

ads banner