អេហ្ស៊ីបតាមដានភាពតានតឹងនៅសមុទ្រក្រហម ជុំវិញកង្វល់នៃការវាយប្រហារលើកប៉ាល់ពីក្រុមសកម្មប្រយុទ្ធហ៊ូធី

គែរ៖ អាជ្ញាធរព្រែកជីកហ្ស៊ុយអេរបស់ប្រទេសអេហ្ស៊ីបបាននិយាយកាលពីថ្ងៃអាទិត្យទី ១៧ ខែធ្នូថា ខ្លួនបានពង្រឹងការតាមដានយ៉ាងដិតដល់លើផលប៉ះពាល់នៃភាពតានតឹងនៅសមុទ្រក្រហម បន្ទាប់ពីការវាយប្រហារថ្មីៗនេះលើកប៉ាល់ដឹកទំនិញពីក្រុមសកម្មប្រយុទ្ធហ៊ូធីរបស់យេម៉ែន ដែលធ្វើឱ្យប៉ះបាល់ដល់ការដឹកជញ្ជូនតាមព្រែកហ្ស៊ុយអេ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រធានអាជ្ញាធរព្រែកជីកនេះ លោក Osama Rabie បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរកំពុងតាមដានយ៉ាងដិតដល់នូវផលវិបាកនៃភាពតានតឹងនាពេលបច្ចុប្បន្ន។ លោកបានបន្ថែមថា ចរាចរណ៍តាមសមុទ្រក្នុងព្រែកជីកហ្ស៊ុយអេបច្ចុប្បន្នមានលក្ខណៈធម្មតា ប៉ុន្តែមិនបានបញ្ជាក់លម្អិតបន្ថែមនោះទេ។

ការឱ្យដឹងបែបនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនដឹកទំនិញធំៗចំនួនពីររួមទាំងក្រុមហ៊ុន MSC ដែលជាបណ្តាញដឹកជញ្ជូនកុងតឺន័រដ៏ធំបំផុតរបស់ពិភពលោក បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេនឹងមិនដឹកជញ្ជូនទំនិញតាមច្រកព្រែកជីកហ្ស៊ុយអេនោះទេ។ ការប្រកាសនេះ ធ្វើឡើងខណៈក្រុមសកម្មប្រយុទ្ធហ៊ូធី បង្កើនការវាយលុករបស់ខ្លួនលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។

យោងទៅតាមក្រុមហ៊ូធី ខ្លួនបានប្រើដ្រូនដើម្បីវាយប្រហារកប៉ាល់ MSC Palatium III ដែលមានទង់ជាតិលីបេរីយ៉ា កាលពីថ្ងៃសុក្រ នៅច្រកសមុទ្រ Bab al-Mandab នៃប្រទេសយេម៉ែន ពោលគឺនៅតំបន់ភាគខាងត្បូងនៃចុងសមុទ្រក្រហម។

ជុំវិញការវាយប្រហារនេះ ក្រុមហ៊ុន MSC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មិនមានអ្នករងរបួសទេ ប៉ុន្តែកប៉ាល់របស់ខ្លួនបានរងការខូចខាត ហើយត្រូវដកចេញពីសេវាកម្មដឹកជញ្ជូន។ ចំណែកឯយោធាអាមេរិកវិញបាននិយាយថា កប៉ាល់ Al Jasrah ដែលមានទង់ជាតិលីបេរីយ៉ាមួយទៀតពីក្រុមហ៊ុនដឹងជញ្ជូន Hapag Lloyd ក៏បានរងការវាយប្រហារដោយមីស៊ីលពីក្រុមហ៊ូធីផងដែរ។

ក្រោមកង្វល់ដូចគ្នា ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំ A.P. Moller-Maersk របស់ប្រទេសដាណឺម៉ាក កាលពីថ្ងៃសុក្រ បានប្រកាសផ្អាកការដឹកជញ្ជូនកុងតឺន័ររបស់ខ្លួនទាំងអស់តាមរយៈច្រកសមុទ្រ Bab al-Mandab ឆ្ពោះទៅព្រែកជីកហ្ស៊ុយអេ រហូតដល់មានការជូនដំណឹងបន្ថែម។

បន្ទាប់មកនៅថ្ងៃសៅរ៍ ក្រុមហ៊ុនដឹកជញ្ជូន MSC និង CMA CGM ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានប្រកាសចំណាត់ការផ្អាកតាមពីក្រោយ ខណៈក្រុមហ៊ុនដឹកជញ្ជូនអាល្លឺម៉ង់ Hapag Lloyd និយាយថា ខ្លួនប្រហែលជានឹងផ្អាកដូចគ្នា។ ក្រុមហ៊ុន CMA CGM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «ស្ថានភាពកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត ហើយការព្រួយបារម្ភចំពោះសុវត្ថិភាពកំពុងកើនឡើង»។

ក្រុមហ៊ូធី ដែលគ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន បានសន្យាបន្តការវាយប្រហាររបស់ខ្លួនរហូតដល់អ៊ីស្រាអែលបញ្ឈប់ការវាយលុកនៅតំបន់ហ្គាហ្សា ប៉ុន្តែបាននិយាយកាលពីថ្ងៃសុក្រថា ពួកគេផ្តោតការវាយប្រហារលើតែកប៉ាល់ ឬនាវា ដែលធ្វើដំណើរឆ្ពោះទៅកាន់អ៊ីស្រាអែលប៉ុណ្ណោះ។ យ៉ាងណាមិញ មុនរងការវាយប្រហារ កប៉ាល់ Palatium III របស់ក្រុម MSC កំពុងធ្វើដំណើរទៅក្រុង Jeddah នៃប្រទេសប្រទេសអារ៉ាប៊ីសាអូឌីត។

គួរបញ្ជាក់ថា ព្រែកជីកហ្ស៊ុយអេ គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់របស់ពិភពលោក ដែលតភ្ជាប់ការដឹកជញ្ជូនរវាងពិភពលោកខាងលិច និងខាងកើត។ ព្រែកជីកនេះ តភ្ជាប់ពីសមុទ្រមេឌីទែរ៉ាណេ ទៅកាន់សមុទ្រក្រហម មុនឆ្លងកាត់ឈូងសមុទ្រ Bab al-Mandab របស់យេម៉ែន ឆ្ពោះទៅកាន់មហាសមុទ្រឥណ្ឌា។ ប្រសិនបើក្រុមហ៊ុនដឹកជញ្ជូនមិនប្រើផ្លូវនេះទេ ពួកគេអាចប្រើផ្លូវដឹកជញ្ជូនមួយទៀត ដែលមានរយៈឆ្ងាយ ពោលគឺតាមរយៈច្រក Cape of Good Hope ភាគខាងត្បូងនៃអាហ្វ្រិកខាងត្បូង៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner