មនុស្សជិត ១០០នាក់ស្លាប់ ក្នុងគ្រោះរញ្ជួយដីនៅចិន

ប៉េកាំង៖ គ្រោះរញ្ជួយដីក្នុងកម្រិត ៦.២រ៉ិកទ័រ បានវាយប្រហារខេត្ត Gansu ភាគពាយព្យរបស់ប្រទេសចិន បណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៨៦នាក់បាត់បង់ជីវិត នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ ចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

យោងតាមក្រុមស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះ កើតឡើងនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគនិរតីទីក្រុង Lanzhou ខេត្ត Gansu។ គ្រោះរញ្ជួយដីនេះ មានជម្រៅ១០គីឡូម៉ែត្រ វាយប្រហារនៅថ្ងៃចន្ទវេលាម៉ោង១១:៥៩នាទីយប់ថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ហើយក្រោយមក ក្រុមមន្ត្រីបានចាប់ផ្តើមការឆ្លើយតបជាបន្ទាន់ និងបញ្ជូនបុគ្គលិកជួយសង្គ្រោះទៅកាន់តំបន់នោះ។

បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួរ មនុស្ស ៩៦នាក់ផ្សេងទៀតក៏ត្រូវរបួសផងដែរក្នុងខេត្តនេះ។ ដោយឡែកមនុស្ស៩នាក់ក៏ស្លាប់ និង១២៤នាក់ទៀតរងរបួសផងដែរ ក្នុងទីក្រុង Haidong ខេត្ត Qinghai ដែលស្ថិតនៅជិតខាង។ ទន្ទឹមគ្នា បណ្តាញផ្គត់ផ្គង់ទឹក និងថាមពលត្រូវរងការរំខាននៅភូមិមួយចំនួនក្នុងតំបន់។

សូមរម្លឹកផងដែរថា គ្រោះរញ្ជួយដី មិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសចិន។ តួយ៉ាង កាលពីខែសីហា គ្រោះរញ្ជួយដីកម្រិត៥.៤រ៉ិកទ័រ បានវាយប្រហារភាគខាងកើតប្រទេសចិន ធ្វើឱ្យមនុស្ស២៣នាក់រងរបួស និងបាក់អគាររាប់សិបខ្នង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner