ទ័ពមួកខៀវកម្ពុជា ជាង ៣០០នាក់ បញ្ចប់បេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN នៅម៉ាលី និងស៊ូដង់ខាងត្បូង

ភ្នំពេញ៖ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ចំនួន៣៤៦នាក់ បានធ្វើដំណើរមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ នៅព្រលប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោយបញ្ចប់បេសកកម្មរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ(UN) ដោយជោគជ័យនៅ សាធារណរដ្ឋម៉ាលី និងប្រទេស៊ូដង់ខាងត្បូង ចំនួន៣៤៦នាក់ មាន៣កងរួមមាន៖ កងកម្ទេចគ្រឿងផ្ទុះចំនួន១៤៤នាក់ កង វិស្វកម្ម ព្រលានយន្តហោះ ចំនួន ១២៩នាក់ និងកង រាជ អាវុធ ហត្ថ ចំនួន ៧៣នាក់ ។

ឯកឧត្តម នាយឧត្តមសនេីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី បានលើ ឡើងថា ការធ្វើដំណើរមាតុភូមិនិវត្តន៍របស់ កងកម្លាំងទាំង៣កងកម្ពុជា ដែលបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋ ម៉ាលី និងស៊ូដង់ខាងត្បូង នាពេលនេះជាជោគជ័យ និងស្នាដៃដ៏ ត្រចះ ត្រចង់ថ្មីមួយបន្ថែមទៀត ដែលកម្លាំងមួកខៀវកម្ពុជាសម្រេចបាន ក្នុង ការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព និង មនុស្សធម៌ នៅលើពិភពលោក។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានថ្លែងអំណរគុណដល់ជនរួមជាតិ ទាំងអស់ ដែលបានលះបង់កូនចៅ ប្តីសី និងសាច់ញាតិជាទី ស្រឡាញ់របស់ខ្លួន រួមចំណែកដោយស្ម័គ្រចិត្តក្នុង បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌ដ៏ថ្លៃថ្លានេះ និងសូមពាំនាំការសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានដែលបានបញ្ចប់បេសកកម្ម និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជក់ថា ការបញ្ចប់ភារកិច្ចរបស់កងទ័ពមួកខៀវកម្ពុជា នៅក្នុងតំបន់បេសកកម្ម សុទ្ធតែបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោកតាមក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថេរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមរបស់ពិភពលោក។
តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាពិតជាមានមោទនភាពណាស់បានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យរក្សាសន្តិភាព ដែលបានបង្ហាញពីឆន្ទៈរួមវិភាគទានដល់កិច្ច ប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើលោក។

លោក Joseph Scheuer បានបង្ហាញការស្ញប់ស្ញែង ចំពោះការលះបង់របស់កងកម្លាំងមួកខៀវកម្ពុជា ក្នុងការកសាងសន្តិភាព សន្តិសុខ និងមិត្តភាព។

មន្ត្រី UN រូបនេះ បានបញ្ជាក់ថា៖ «វត្តមានរបស់លោកនាពេលនេះ មិនត្រឹមតែស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់កងកម្លាំងនោះទេ ប៉ុន្តែក៏បានបញ្ជាក់ពីការស្វាគមន៍កម្លាំងទាំងអស់ជាគ្រួសាររបស់អង្គការសហប្រជាជាតិ»។ លោកបានបន្ថែមថា កងកម្លាំងទាំងអស់បានពាក់មួកខៀវដ៏ល្បីល្បាញ បំពាក់និមិត្តសញ្ញាអង្គការសហប្រជាជាតិនៅលើឯកសណ្ឋាន និងចូលរួមអនុវត្តភារកិច្ច ក្រោមទង់អង្គការសហប្រជាជាតិ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា ការនិវត្តន៍របស់កម្លាំងរក្សាសន្តិភាពនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយថែមទៀតក្នុងចំណោមសមិទ្ធផលជាច្រើន ដែលកងយោធពលខេមរភូមិន្ទសម្រេចបានលើវិស័យរក្សាសន្តិភាព។ សមិទ្ធផលនេះ បានបង្ហាញពីឆន្ទៈ ការគោរពវិន័យម៉ឺងម៉ាត់ សមត្ថភាពប្រកបដោយវិជ្ជាជីវៈរបស់កងទ័ពមួកខៀវកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ ជាសក្តានុពលដ៏ខ្លាំងក្លារបស់កងយោធពលខេមរភូមិន្ទ។

យោងតាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងថា បេសកកម្មនៅសាធារណរដ្ឋម៉ាលី កម្លាំង កម្ពុជា បាន ប្រឈម នឹងបញ្ហាស្មុគស្មាញ ជាលក្ខណៈប្រពៃណីផង និងមិនប្រពៃណីផង បង្កឡើង ដោយតួអង្គ រដ្ឋ និង មិន មែនរដ្ឋ ក៏ប៉ុន្តែកងកម្លាំងមួកខៀវកម្ពុជា តែងតែស្វាហាប់ មិនរាថយ ក្នុងការបំពេញតួនាទីភារកិច្ចឡើយ និងសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរជូនជាតិ។

ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងកម្ពុជា ដែលអញ្ជើញមកមាតុភូមិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកJoseph Scheuer អ្នក សម្រប សម្រួល អង្គការ សហប្រជាជាតិ ប្រចាំកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ បានអញ្ជើញទទួលស្វាគមន៍ការធ្វើមាតុភូមិនិវត្តន៍ និងបំពាក់មេដាយជូនកងកម្លាំងមួកខៀវកម្ពុជា ផងដែរ។

គួរបញ្ជក់ថា ចាប់តាំង ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជា បានរួមចំណែកបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិចំនួន ៩,២០៥នាក់ ក្នុងនោះនារី ៧២៦នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេស ចំនួន១០ សម្រេចជោគជ័យជាបន្តបន្ទាប់ ដែលជាបុព្វហេតុថែរក្សាសន្តិភាព ស្ថិរភាពពិភពលោក និង ទទួលបានការកោតសរសើរលើឆាកអន្តរជាតិ ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner