ផ្ទុះការតវ៉ានៅឥណ្ឌូនេស៊ី ប្រឆាំងនឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

ហ្សារកាតា៖ មនុស្សរាប់រយនាក់ប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងវត្តមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងភ្នាក់ងារផ្តល់ជំនួយដល់ក្រុមជនជាតិភាគតិច នៅខាងក្រៅជំរុំមួយនៅលើកោះសាបាង ក្នុងខេត្តអាឆេ ប្រទេសឥណ្ឌូនេស៊ី។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១,២០០នាក់បានមកដល់ខេត្តអាឆេ តាំងពីពាក់កណ្តាលខែវិច្ឆិកា ប៉ុន្តែបានប្រឈមមុខនឹងការប្រឆាំង ពីអាជ្ញាធរមូលដ្ឋាន និងអ្នកស្រុកដែលបានគំរាមរុញពួកគេឱ្យត្រឡប់ទៅសមុទ្រវិញ។ អ្នកតវ៉ាប្រឆាំងនឹងវត្តមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ាងបាននិយាយថា យើងមិនចង់ឱ្យជនជាតិរ៉ូហ៊ីងយ៉ារស់នៅទីនេះទេ… យើងចង់ឱ្យពួកគេចាកចេញពីកន្លែងរបស់យើង… ឆ្ងាយពីទីក្រុងសាបាង… យើងមិនចង់ឱ្យពួកគេបង្កបញ្ហាដល់មនុស្សគ្រប់គ្នា និងនាំឥទ្ធិពលអាក្រក់ដល់កូនចៅរបស់យើងនៅទីនេះទេ ដូច្នេះយើងសុំឲ្យពួកគេផ្លាស់ចេញពីក្រុងសាបាងភ្លាមៗ។

អ្នកតវ៉ាម្នាក់ទៀតក៏បានបញ្ជាក់ដែរថា មានរបាយការណ៍អំពីក្រុមម៉ាហ្វីយ៉ា (ពួកសង្គមងងឹត) ដែលពាក់ព័ន្ធនឹងការនាំយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមកកាន់ទីក្រុងអាឆេ មិនថាជនជាតិរ៉ូហ៊ីងយ៉ាត្រូវប្រឈមមុខនឹងការស្លាប់ ឬរស់ទេ… វាមិនសំខាន់ទេចំពោះពួកគេ អ្វីដែលសំខាន់សម្រាប់ពួកគេគឺរកលុយ។ ដូច្នេះជនល្មើសទាំងនេះត្រូវតែតាមចាប់ខ្លួនឱ្យខានតែបាន។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិបាននិយាយកាលពីដើមឆ្នាំនេះថា ជនជាតិរ៉ូហ៊ីងយ៉ាជាង ៣,៥០០នាក់បានប៉ុនប៉ងឆ្លងកាត់សមុទ្រដ៏គ្រោះថ្នាក់កាលពីឆ្នាំ២០២២ ដោយមានអ្នកស្លាប់ ឬបាត់ខ្លួនជាង ៣៤០នាក់។ ជនមូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើន ប្រឈមមុខនឹងការរងទុក្ខវេទនាជាច្រើនទស្សវត្សរ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយត្រូវបានពិពណ៌នាថា ជាជនជាតិភាគតិចដែលត្រូវបានគេធ្វើទុក្ខបុកម្នេញខ្លាំងជាងគេបំផុតក្នុងពិភពលោក ដោយអង្គការសហប្រជាជាតិ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner