ព្រះមហាក្សត្រកម្ពុជាយាងបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិនរយៈពេលបីថ្ងៃ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃអង្គារទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានសព្វព្រះរាជហឫទ័យ យាងបំពេញព្រះរាជទស្សនកិច្ច នៅ ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។

អញ្ជើញថ្វាយព្រះរាជដំណើរបំពេញទស្សនកិច្ចនៅខេត្តហ្វូជៀននេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចអគ្គមហា ពញា ចក្រ ហេង សំរិន ប្រធានកិត្តិយសឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចក្រឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់, សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមន្ត្រីអ្នកមុខអ្នការជាច្រើនរូបទៀត ។

ក្នុងព្រះរាជដំណើរបំពេញទស្សនកិច្ចនៅខេត្តហ្វូជៀននេះ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង នឹងយាងចូលរួមពិធីតាំងពិព័រណ៍ សមិទ្ធផលគម្រប់ខួប៣០ឆ្នាំ នៃគម្រោងយុទ្ធសាស្ត្រ «៣៨២០»។ គម្រោងនេះ ត្រូវបានផ្សព្វផ្សាយដោយឯកឧត្តម ស៊ី ជីនពីង ប្រធានា ធិបតីចិន ពេលរូបលោកធ្វើការនៅទីក្រុងហ្វូចូវ ។

បើតាមព្រះរាជសារ របស់ព្រះករុណាព្រះ បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃ ទី១៨ ខែធ្នូឆ្នាំ២០២៣ ព្រះអង្គបានគូសបញ្ជាក់ថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្ដេចព្រះ មហា សង្ឃរាជ ទាំងពីរគណៈ និងព្រះថេ រានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស នៅថ្ងៃ ទី១៩-២០-២១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីយាង បំពេញព្រះរាជទស្សន កិច្ចនៅខេត្ត ហ្វូជៀន(Fujian )នៃសាធារណរដ្ឋ ប្រជាមានិតចិន »។ «នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំ ព្រះករុណា ខ្ញុំ ក្នុងឋានៈជា ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ ផេក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner