កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលបានការរៀនសូត្រខ្លឹមសារយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងសៀវភៅ ស ការពារជាតិ

កំពង់ធំ៖ កងកម្លាំងចំណុះបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ចំនួន ២៦៨នាក់ ទទួលបានការរៀនសូត្រផ្សព្វផ្សាយខ្លឹមសារយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងផ្សព្វផ្សាយសៀវភៅ ស ការពារជាតិ ដឹកនាំបើកវគ្គដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងថា គោលដៅសំខាន់ៗ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានជាអាទិ៍ ទី១/. ធានាកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ទី២/. បង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែច្រើន ទី៣/. សម្រេចឲ្យបាននូវការកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង១០% នៅក្នុងអាណត្តិទី៧នេះ ទី៤/. បន្តពង្រឹងសមត្ថភាពអភិបាលកិច្ចល្អ និងទី៥/.ធានាឱ្យបាននូវការអភិវឌ្ឍសង្គមកិច្ចប្របដោយចីរភាព ។

ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកអាទិ៍ភាពចំនួន៥ ក្នុងដំណាក់កាលទី១ នៃយុទ្ឋសាស្ត្របញ្ចកោណនេះ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដោយឡែកការផ្សព្វផ្សាយសៀវភៅសការពរជាតិ មានចំណុចសំខាន់ៗ ពិសេសការលើកកម្ពស់តួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទផងដែរ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ មានសមត្ថភាពចូលរួមជាមួយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងការពារជាតិ ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿង និងពង្រឹងកិត្យានុភាព កងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងទទួលបន្ទុកការងារអប់រំចិត្តសាស្ត្រ បានបទឧទ្ទេសនាមនូវឯកសារយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងសៀវភៅ ស ការពារជាតិ ដែលមានសារៈសំខាន់ ជូនសិក្ខាម នាយទាហាន នាយទាហានរង និងពលទាហាន បានប្តេជ្ញាចិត្តដាច់ខាត គាំទ្រការអនុវត្តន៍កម្មវិធីយុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលអាណត្តិទី៧ ឲ្យទទួលបានជោគជ័យ ៕

ដោយ ប៊ុន រដ្ឋា

ads banner