សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ថវិកា សម្ភារៈ សង្គសី និងអំណោយជូនប្រជាពលរដ្ឋខ្វះខាត ដើម្បីសាងសង់ជម្រកស្នាក់នៅ

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរ ដែនដី នាំយកថវិកា សម្ភារៈ គ្រឿងឈើ ស័ង្កសី គ្រឿងឧបភោគបរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនប្រជាពលរដ្ឋ ដែលមានជម្រកស្នាក់នៅមិនសមរម្យចំនួន០១គ្រួសារ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដែលមានស្វាម៉ី ឈ្មោះ បាន បូ អាយុ ៤៥ឆ្នាំ និងភរិយាឈ្មោះ ហ៊ុត ណេង អាយុ ៤២ឆ្នាំ ដែលមានកូននៅក្នុងបន្ទុកចំនួន០៤នាក់ ព្រមទាំងជួយឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រចំនួន ៥គ្រួសារផ្សេងទៀត រស់នៅភូមិដូនប៉ុក ឃុំបន្ទាយស្ទោង ស្រុកស្ទោងខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានមានប្រសាសន៍ថា ពេលប្រជាជនមានទុក្ខលំបាក គឺមានមុខក្រុមការងាររបស់ប្រមុខរាជរដ្ឋាភិបាល ដែលប្រកបដោយគុណធម៌ រួមជាមួយអាជ្ញាធរដែនដី និងកងទ័ពដែលជាកូនចៅរបស់ប្រជាជនមើលការខុសត្រូវ នឹងជួយដោះស្រាយការលំបាកជូនគាត់ ដោយមិនទុកឲ្យប្រជាជនណាម្នាក់ទទួលមរណៈភាពដោយខ្វះអាហារបរិភោគនោះឡើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយក អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជម្រកស្នាក់នៅមិនសមរម្យនៅពេលនេះមាន ៖ គ្រឿងឈើសម្រាប់ធ្វើផ្ទះមួយចំនួន ស័ង្កសីចំនួន ៤០សន្លឹក អង្ករចំនួន ៥០គីឡូក្រាម មីជាតិ ២កេស ទឹកត្រីទឹកស៊ីអ៊ីវ ២យួរ ត្រីខកំប៉ុង ២យួរ និងថវិកាមួយចំនួន ។ ដោយឡែកប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន ៥គ្រួសារផ្សេងទៀត ដែលរស់នៅក្នុងភូមិជាមួយគ្នាដោយ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន ១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន ២យួរ និងត្រីខកំប៉ុងចំនួន ១យួរផងដែរ ៕

ដោយ ប៊ុន រដ្ឋា

ads banner