ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ពហុកីឡដ្ឋានខេត្តព្រះសីហនុ នឹងបម្រើឱ្យប្រយោជន៍រួមក្នុងវិស័យកីឡា និងវិស័យទេសចរណ៍

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ក្នុងការបង្កើតគម្រោងសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ ដើម្បីបម្រើប្រយោជន៍រួមក្នុងវិស័យកីឡា និងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទស្សនាកំសាន្តក្នុងខេត្តព្រះសីហនុ ដែលជាខេត្តមានឧត្តមភាពក្នុងការអភិវឌ្ឍ ក៏ដូចជាតាមបណ្ដាខេត្តជាប់ឆ្នេរសមុទ្រផ្សេងៗទៀត។

ឯកឧត្តមថ្លែងនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ ដែលធ្វើឡើងនៅទីស្ដីការក្រសួងដែនដី។

ការបង្កើតពហុកីឡដ្ឋានខេត្តព្រះសីហនុនេះឡើង គឺជាការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា និងវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើន។ ពហុកីឡដ្ឋាននេះ មិនមែនត្រឹមតែជាទីលានសម្រាប់ប្រកួតបាល់ទាត់ ឬកីឡាផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនមួយកម្រិតទៀត ចូលមកទស្សនាកំសាន្តក្នុងខេត្តនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ចាត់ទុកគម្រោងសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុថា ជាសមិទ្ធិផលដ៏ថ្មីស្រឡាងមួយទៀតដែលកកើតឡើងក្រោមគំនិតផ្ដួចផ្ដើមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដែលតែងតែមានឆន្ទៈកសាងអភិវឌ្ឍន៍ជាតិ និងបម្រើប្រជាពលរដ្ឋដោយឥតងាករេ ព្រមទាំងឆ្លើយតបតាមសំណូមពរ និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ។

គម្រោងសាងសង់ពហុកីឡាដ្ឋានជាតិខ្នាតធំដំបូងបង្អស់នៅក្នុងក្រុងព្រះសីហនុនេះ ស្ថិតនៅតាមបណ្ដោយផ្លូវល្បឿនលឿនខេត្តព្រះសីហនុចូលតាមផ្លូវក្បាលឆាយចម្ងាយ ៥គីឡូម៉ែត្ររួចបត់ស្ដាំចម្ងាយ ១,៥ គីឡូម៉ែត្រ ។ ពហុកីឡដ្ឋាននេះ អាចផ្ទុកមនុស្សបាន ៣១ ៤៥០នាក់ និងមានផ្ទៃដីសរុប ៣៣ហិកតា ដោយក្នុងនោះមានចំណតរថយន្តចំនួន ២៨២ចំណត មានកន្លែងដើរហាត់ប្រាណ ហាងកាហ្វេ កន្លែងបោះតង់ សួនទេសចរណ៍អាំស្ទែដាម អគារសារមន្ទីរ សាលមហោស្រព និងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀត។

ពហុកីឡាដ្ឋាននេះនឹងត្រូវបានសាងសង់ជាបែបសហសម័យ ដោយមានបញ្ចូលនូវអត្តសញ្ញាណជាតិ ហើយក៏សាងសង់ពីបេតុងភាគច្រើន ដើម្បីធានាបាននូវភាពគង់វង្សយូរអង្វែងដូចទៅនឹងអគារពីសម័យបុរាណដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner