ចិនកាត់បន្ថយការធ្វើសមយុទ្ធយោធាប្រឆាំងអាមេរិក បន្ទាប់ពីជំនួបរវាងលោក ស៊ី ជីនពីង និងលោក ចូ បៃដិន
ប៉េកាំង៖ប្រទេសចិនបានកាត់បន្ថយការប្រើប្រាស់យន្តហោះចម្បាំងដើម្បីស្ទាក់ចាប់យន្តហោះអាមេរិក ចាប់តាំងពីពេលមានកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីខែមុន។ នេះបើយោងតាមការរាយការណ៍ដោយប្រមុខមេបញ្ជាការយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ការកាត់បន្ថយសកម្មភាពយោធារបស់ចិននេះបានកើតឡើងបន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) កាលពីខែមុន និងបានយល់ព្រមផ្សះផ្សាទំនាក់ទំនងយោធាឡើងវិញ។
គួររំឭកថា ទីក្រុងប៉េកាំងបានកាត់ផ្ដាច់ទំនាក់ទំនងយោធាជាផ្លូវការជាមួយអាមេរិកកាលពីខែសីហា ឆ្នាំ២០២២ ដោយសារតែដំណើរទស្សនកិច្ចការទូតរបស់អតីតប្រធានសភាអាមេរិកលោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់ដែលចិនចាត់ទុកថាគ្រាន់តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។
កាលពីខែមុនមន្ទីរបញ្ចកោណអាមេរិកបានរាយការណ៍ថា យន្តហោះចម្បាំងរបស់ចិនបានហោះធ្វើសមយុទ្ធប្រឆាំងនឹងយន្តហោះអាមេរិកចំនួន ១៨០ ដង និង ១០០ ដងប្រឆាំងនឹងយន្តហោះរបស់សម្ព័ន្ធមិត្តគិតក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ សកម្មភាពនេះបានបង្កើនហានិភ័យខ្លាំងដែលអាចបង្កឱ្យមានការប៉ះទង្គិចគ្នា ឬគ្រោះថ្នាក់លើដែនអាកាសណាមួយកើតមានឡើង។
ឧត្តមនាវីឯក លោក ចន អាគីលីណូ (John Aquilino) ប្រធានបញ្ជាការដ្ឋានប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតូក្យូ (Tokyo) កាលពីថ្ងៃចន្ទថា ៖ «ចាប់តាំងពីមានជំនួបនោះមក សកម្មភាពយោធា (របស់ចិន) ហាក់ដូចជាបានស្រាកស្រាន្ត ហើយស្ថានភាពនឹងមានភាពប្រសើរឡើងជាវិជ្ជមាន ប្រសិនបើ (ចិន) អាចបន្តកាត់បន្ថយសកម្មភាពយោធារបស់ខ្លួន»។
ជាទូទៅ ការហោះស្ទាក់ចាប់នឹងកើតឡើងនៅពេលដែលយន្តហោះរបស់ប្រទេសមួយចូលទៅកៀកប្រទេសមួយផ្សេងទៀត។ កន្លងមក ប្រទេសចិនធ្លាប់បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទធ្វើចារកម្មដោយប្រើយន្តហោះស៊ើបការណ៍ ប៉ុន្តែសហរដ្ឋអាមេរិកបានឆ្លើយតបថា ខ្លួនគ្រាន់តែធ្វើការហោះហើរក្នុងដែនកំណត់ដោយច្បាប់ នៅក្នុងដែនអាកាសអន្តរជាតិតែប៉ុណ្ណោះ។
លោក អាគីលីណូ បានរំលេចថា ឥរិយាបថរបស់ទីក្រុងប៉េកាំងមួយចំនួននៅតែមិនផ្លាស់ប្តូរ ដោយលោកបានថ្កោលទោសទៅលើទង្វើរបស់យោធាចិន ដែលបានប្រើកាណុងបាញ់ទឹកដើម្បីបាញ់រារាំងដំណើររបស់នាវាផ្គត់ផ្គង់ស្បៀង និងគ្រឿងសម្ភររបស់ហ្វ៊ីលីពីន នៅជិតតំបន់ថ្មប៉ប្រះទឹកដែលជាតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង ហើយភាគីទាំងពីរបានទាមទារចង់គ្រប់គ្រងតំបន់នេះដូចគ្នា។
លោក អាគីលីណូ ក៏បានរិះគន់ចិនថា ៖ «មិនមែនបានតែពាក្យសម្ដីនោះទេ ពោលគឺចិនត្រូវធ្វើឱ្យចេញជាសកម្មភាពផងដែរ។ ខ្ញុំមិនបានឃើញចិនធ្វើការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនចំពោះហ្វ៊ីលីពីននៅឡើយទេ»។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការលើកឡើងរបស់លោក អាគីលីណូ នោះទេ។
ដោយឡែក កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា បាឡុងរបស់ចិនចំនួនពីរបានហោះឆ្លងកាត់ខ្សែបន្ទាត់ច្រកព្រំដែនសមុទ្រតៃវ៉ាន់កាលពីថ្ងៃអាទិត្យ ហើយយន្តហោះរបស់ចិនចំនួន ៦ និងនាវាកងទ័ពជើងទឹកចំនួន ២ បានធ្វើដំណើរចូលក្នុងតំបន់ជុំវិញកោះតៃវ៉ាន់។
អស់រយៈពេលជិតបីឆ្នាំមកហើយដែលអាមេរិកបានព្យាយាមបង្កើតឱ្យមានជំនួបរវាងលោក អាគីលីណូ និងសមភាគីចិន ប៉ុន្តែមិនបានសម្រេច។ លោក អាគីលីណូ បានបញ្ជាក់ថា ចិនមិនបានយល់ព្រមទេ ប៉ុន្តែលោកបានលើកឡើងដោយសុទិដ្ឋិនិយមថា «ពួកគេនឹងឆ្លើយតបក្នុងពេលឆាប់ៗនេះ ហើយយើងនឹងអាចជួបនិយាយគ្នាបាន»។
សហរដ្ឋអាមេរិក និងចិនកំពុងពិភាក្សាអំពីការរៀបចំជំនួបប្រជុំកម្រិតយោធាជាន់ខ្ពស់នៅឆ្នាំ២០២៤ នេះបើយោងតាមសំណើរបស់សហរដ្ឋអាមេរិកដែលបានដាក់ស្នើទៅកាន់ទីក្រុងប៉េកាំង ប៉ុន្តែដំណើរការហាក់មានភាពយឺតយ៉ាវ ដោយសារតែនីតិវិធីឯកសាររដ្ឋបាលច្រើន ហើយប្រទេសចិនទៀតសោត ក៏មិនទាន់មានរដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីនៅឡើយ៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Financial Times China curtails ‘dangerous’ fighter jet manoeuvres after Xi-Biden summi