សហភាពអឺរ៉ុបបើកការស៊ើបអង្កេតក្រុមហ៊ុន X របស់លោក អេឡុន ម៉ាស់
អឺរ៉ុប៖កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សហភាពអឺរ៉ុបបានប្រកាសឱ្យដឹងថា ពួកគេកំពុងបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ជុំវិញការសង្ស័យថាបានបំពានទៅលើកាតព្វកិច្ចមួយចំនួនដែលមានចែងនៅក្នុងច្បាប់ស្ដីពីសេវាកម្មឌីជីថល ឬហៅកាត់ថា DSA ។
គួររំឭកថា កាលពីខែវិច្ឆិកា ឆ្នាំមុន ច្បាប់ស្ដីពីសេវាកម្មឌីជីថលបានចូលជាធរមាន ហើយបានចាប់ផ្តើមតម្រូវឱ្យវេទិកាអនឡាញធំៗជាច្រើន ក៏ដូចជាម៉ាស៊ីនស្វែងរកជាដើម ចូលរួមប្រឆាំងនឹងខ្លឹមសារ ឬមាតិកាទាំងឡាយណាដែលខុសច្បាប់ ដើម្បីការពារសុវត្ថិភាពរបស់អ្នកប្រើប្រាស់។
ថ្មីៗនេះ សហភាពអឺរ៉ុបបានព្រមានក្រុមហ៊ុន X ក្រុមហ៊ុន Meta ក្រុមហ៊ុន TikTok និងក្រុមហ៊ុន Google អំពីទំនួលខុសត្រូវរបស់ពួកគេក្នុងការដែលត្រូវលុបខ្លឹមសារដែលបង្កគ្រោះថ្នាក់ ។ជាពិសេសបន្ទាប់ពីព្រឹត្តិការណ៍ផ្ទុះការវាយប្រហារនៅប្រទេសអ៊ីស្រាអែល។
ក្រោយច្បាប់ខាងលើចូលជាធរមាន ក្រុមហ៊ុនទាំងអស់ខាងលើ និងក្រុមហ៊ុនដែលពាក់ព័ន្ធដទៃទៀត បានដាក់ចេញនូវវិធានការផ្សេងៗដើម្បីបង្ហាញថាពួកគេបាននិងកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។ យ៉ាងណាក៏ដោយ លោក អេឡុន ម៉ាសក៍ (Elon Musk) បានធ្វើការបដិសេធចំពោះការចោទប្រកាន់របស់សហភាពអឺរ៉ុបដែលថា បណ្ដាញសង្គម X របស់លោក ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត។
ក្រុមហ៊ុនបណ្ដាញសង្គម X របស់លោក អេឡុន ម៉ាស់ ស្ថិតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលត្រូវប្រឈមមុខនឹងការត្រួតពិនិត្យបន្ថែមទៀតនៅក្រោមច្បាប់ស្ដីពីសេវាកម្មឌីជីថលនេះ។ គិតមកទល់ពេលនេះ មានតែក្រុមហ៊ុន X ប៉ុណ្ណោះដែលទទួលបានសំណើសុំជាផ្លូវការឱ្យផ្ដល់នូវព័ត៌មានបន្ថែមអំពីក្រុមហ៊ុន។
ក្រុមហ៊ុន X បានលើកឡើងកាលពីថ្ងៃចន្ទថា ខ្លួនបានប្រកាន់ខ្ជាប់ទៅនឹងច្បាប់ស្ដីពីសេវាកម្មឌីជីថល និងបានសហការជាមួយនិយតករយ៉ាងយកចិត្តទុកដាក់ផងដែរ។ ក្រុមហ៊ុន X ក៏បានសង្កត់ធ្ងន់ទៅលើដំណើរការស្នើសុំព័ត៌មានផ្សេងៗ សូមឱ្យធ្វើឡើងប្រកបដោយយុត្តិធម៌ និងអនុវត្តតាមច្បាប់ មិនត្រូវពាក់ព័ន្ធជាមួយរឿងនយោបាយនោះទេ។
គួរដឹងដែរថា ការស៊ើបអង្កេតនេះគឺធ្វើឡើងដើម្បីបញ្ឈប់ឱ្យមានខ្លឹមសារខុសច្បាប់នៅក្នុងសហភាពអឺរ៉ុប និងចង់ដឹងថាតើក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់នោះ កំពុងប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតបានកម្រិតណា។ មនុស្សភាគច្រើនបានងាកទៅចាប់អារម្មណ៍ជាពិសេសទៅលើកម្មវិធីបណ្ដាញសង្គម X ត្រង់ចំណុចដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចដាក់កំណត់សម្គាល់ថាជាព័ត៌មានមិនពិតបានដោយខ្លួនឯង ជំនួសឱ្យការពឹងផ្អែកទៅលើក្រុមត្រួតពិនិត្យរបស់ក្រុមហ៊ុនផ្ទាល់។
មន្ត្រីជាន់ខ្ពស់មួយរូបបានលើកឡើងថា គណៈកម្មការទទួលបន្ទុកបញ្ហានេះមិនបានមើលឃើញថាប្រព័ន្ធកំណត់ចំណាំនេះ ជារឿងដែលខុសនោះទេ ប៉ុន្តែពួកគេកំពុងពិនិត្យមើលថាតើការអនុវត្តជាក់ស្ដែង វាដំណើរការល្អប្រកបដោយប្រសិទ្ធភាពដែរឬទេ។ បន្ថែមលើនេះ ពួកគេនឹងជីកកកាយឱ្យកាន់តែស៊ីជម្រៅតាមរយៈការស្នើសុំព័ត៌មានបន្ថែម ការសម្ភាស និងការត្រួតពិនិត្យឱ្យបានដិតដល់។
គណៈកម្មការទទួលបន្ទុកក៏នឹងពិនិត្យឡើងវិញពីវិធានការដែលក្រុមហ៊ុន X បានដាក់ចេញដើម្បីបង្កើនតម្លាភាព និងភាពច្បាស់លាស់ ឬថាតើពួកគេកំពុងប្រើល្បិចណាមួយក្នុងការរចនា ដែលតម្រូវឱ្យមនុស្សបង់ប្រាក់ទៅលើរឿងដែលពួកគេមិនត្រូវការ ដូចជាសញ្ញាសម្គាល់ពណ៌ខៀវ ដែលនៅជាប់ឈ្មោះអ្នកប្រើប្រាស់មួយចំនួនជាដើម។
ជារួមគឺថាសហភាពអឺរ៉ុបបានត្រួតពិនិត្យមើលទៅលើចំណុច ៣ សំខាន់ៗរួមមាន របាយការណ៍របស់ក្រុមហ៊ុន X ដែលបានផ្ញើក្នុងខែកញ្ញា របាយការណ៍អំពីតម្លាភាពកាលពីខែវិច្ឆិកា និងចម្លើយរបស់ពួកគេអំពីខ្លឹមសារខុសច្បាប់ក្នុងអំឡុងពេលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន X មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់អ្នកសារព័ត៌មានរ៉យទ័រ (Reuters) នោះទេ។ គួរបញ្ជាក់ថា ច្បាប់ស្ដីពីសេវាកម្មឌីជីថល បានបង្កើតឱ្យមានរបៀបដែលមាតិកាត្រូវបានគ្រប់គ្រង ភាពឯកជនរបស់អ្នកប្រើប្រាស់ និងតម្លាភាព។ ក្រុមហ៊ុនដែលបំពានច្បាប់ទាំងនេះអាចត្រូវបានផាកពិន័យរហូតដល់ ៦ភាគរយ នៃប្រាក់ចំណូលសរុបរបស់ពួកគេ៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Reuters EU investigates Musk’s X in first DSA probe