ផ្ទុះភ្នំភ្លើងនៅអ៊ីស្លង់ ប៉ុន្មានសប្តាហ៍ក្រោយគ្រោះរញ្ជួយដី

រ៉ៃក្យាវិក៖ ភ្នំភ្លើងមួយបានផ្ទុះឡើងនៅប្រទេសអ៊ីស្លង់ ដោយវាបានបញ្ចេញកម្អែលភ្នំភ្លើងយ៉ាងក្រហមឆ្អិនឆ្អៅ និងផ្សែងផេះហោះអណ្តែតពាសពេញផ្ទៃមេឃនៅពេលយប់ បន្ទាប់ពីសកម្មភាពរញ្ជួយជាច្រើនសប្តាហ៍ ដែលធ្វើឱ្យតំបន់ភាគនិរតីនៃរដ្ឋធានីប្រទេសនេះ បង្កើនការប្រុងប្រយ័ត្នខ្ពស់។

ការិយាល័យឧតុនិយមអ៊ីស្លង់បាននិយាយថា ភ្នំភ្លើងនេះបានផ្ទុះឡើងនៅលើឧបទ្វីបរ៉ៃក្យាណេស ស្ថិតនៅភាគខាងជើងនៃទីក្រុងនេសាទ ហ្គ្រីនដាវិក ក្នុងថ្ងៃចន្ទនេះ នៅម៉ោងប្រហែល ១៩៖១៧នាទីយប់ (ម៉ោងក្នុងតំបន់) បន្ទាប់ពីមានគ្រោះរញ្ជួយដីមួយបានកើតឡើង។

ប្រធានាធិបតីអ៊ីស្លង់ លោក ហ្គូដនី ថូឡាស៊ឹស ចូហែនណេសសុន បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ឥឡូវនេះយើងកំពុងតាមដានស្ថានការណ៍ ហើយថា ការការពារអាយុជីវិតមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ គឺជាអាទិភាព។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអ៊ីស្លង់ លោកស្រី ខាទ្រីន ចាកុបក្តូទី បានបង្ហោះសារនៅលើហ្វេសប៊ុកថា យើងសង្ឃឹមថា អ្វីៗនឹងល្អបំផុត ទោះបីវាជាការផ្ទុះភ្នំភ្លើងដ៏ធំមួយក៏ដោយ។

អស់រយៈពេលជាច្រើនសប្តាហ៍ ប្រទេសន័រឌីក (Nordic) បានធ្វើការតាមដានស្ថានការណ៍ភ្នំភ្លើងនៅលើឧបទ្វីបភាគនិរតីនៃរដ្ឋធានីរ៉ៃក្យាវិក បន្ទាប់ពីមានសកម្មភាពញ័ររញ្ជួយខ្លាំង ដែលបានជំរុញឱ្យអាជ្ញាធរជម្លៀសមនុស្សរាប់ពាន់នាក់ និងបិទស្ប៉ាកំដៅផែនដី Blue Lagoon ដែលជាទីតាំងដ៏ល្បីល្បាញ និងទាក់ទាញបំផុតក្នុងប្រទេសអ៊ីស្លង់។

ទោះបីជាមានការព្រួយបារម្ភថា បន្ទុះភ្នំភ្លើងនេះ អាចប៉ះពាល់ដល់ការធ្វើដំណើរផ្លូវអាកាសជាសកលក៏ដោយ ក៏អាកាសយានដ្ឋានអន្តរជាតិរ៉ៃក្យាវិក នៅតែបើកដំណើរការជាធម្មតា៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ads banner