ស្ថានីយប្រេងឥន្ធនៈនៅទូទាំងប្រទេសអ៊ីរ៉ង់រងការវាយប្រហារតាមអ៊ីនធឺណិត
តេហេរ៉ង់៖រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលអ៊ីរ៉ង់កាលពីថ្ងៃទី១៨ ខែធ្នូកន្លងទៅថ្មីៗនេះបានបញ្ជាក់ថា បញ្ហារអាក់រអួលចំពោះស្ថានីយប្រេងឥន្ធនៈនៅទូទាំងប្រទេសគឺបណ្ដាលមកពី ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (Cyber-attack) ។
លោក Javad Owji រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា សេវាកម្មនៅតាមស្ថានីយ៍ទូទាំងផ្ទៃប្រទេសប្រមាណជា ៧០ភាគរយ បានទទួលការរំខាន ដែលលោកដាក់ការសន្និដ្ឋានថាអាចជាការជ្រៀតជ្រែកពីក្រៅប្រទេស។
ប៉ុន្តែយ៉ាងណា រហូតមកដល់ពេលនេះ ស្ថានីយប្រេងចំនួន ១ ៦៥០ ត្រូវបានដំណើរការឡើងវិញ។ រីឯក្រសួ ងក៏បានគ្រប់គ្រងស្ថានីយប្រេងចំនួន ៣ ៨០០ កន្លែងរួចរាល់ហើយដែរ។
ទាក់ទិននឹងបញ្ហានេះ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ដោយចោទប្រកាន់ថា ក្រុមដែលវាយប្រហារខាងលើ មានជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែល។
ព័ត៌មានទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់បាននិយាយទៀតថា ក្រុមដែលមានឈ្មោះថា Gonjeshke Darande ឬ «Predatory Sparrow» បានអះអាងថា ខ្លួននៅពីក្រោយការវាយប្រហារនេះ ។រីឯប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីស្រាអែលក៏បានរាយការណ៍ពីការអះអាងនេះផងដែរ។
ក្រុមខាងលើនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គមតេឡេក្រាម( Telegram )ថា ការវាយប្រហារតាមអ៊ីនធឺណិតនេះត្រូវបានអនុវត្តក្នុងគោលបំណងបញ្ចៀសការខូចខាតដែលអាចកើតមានចំពោះសេវាសង្គ្រោះបន្ទាន់ណាមួយនៅក្នុងប្រទេសអ៊ីស្រាអែល។
ប៉ុន្តែយ៉ាងណា ភាគីអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា ក្រុម Hacker ទាំងនោះ ក៏ធ្លាប់បានវាយប្រហារ ប្រឆាំងនឹងស្ថានីយប្រេងឥន្ធនៈ បណ្តាញផ្លូវដែក និងរោងចក្រដែករបស់អ៊ីរ៉ង់កាលពីពេលកន្លងទៅផងដែរ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ក្រុម Predatory Sparrow ក៏ធ្លាប់បានបង្កភាពរអាក់រអួលនៅក្នុងរោងចក្រ ដែកមួយកន្លែងរបស់អ៊ីរ៉ង់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០២១ ការវាយប្រហារស្រដៀងគ្នាទៅលើស្ថានីយ៍ប្រេងឥន្ធនៈ បានរំខានដល់ការលក់ប្រេង និងនាំឱ្យមានការប្រជ្រៀតគ្នាដើម្បីចាក់ ប្រេងសាំងផង។
តាមរយៈការវាយប្រហារម្ដងហើយម្ដងទៀត អ៊ីរ៉ង់បាននិយាយថា អ៊ីស្រាអែល និងអាមេរិកជាពិរុទ្ធជនដែលនៅពីក្រោយរឿងទាំងនោះ។
បើទោះជាយ៉ាងនេះក្ដី ក្រសួងរ៉ែ និងថាមពលនាពេលនេះក៏បានបញ្ជាក់ប្រាប់ទូរទស្សន៍រដ្ឋដែរថា ការរអាក់រអួលខាងលើ មិនទាក់ទងនឹងផែនការដំឡើងថ្លៃប្រេងឥន្ធនៈ ដែលអាចនឹងបង្កទៅជាការតវាហិង្សានោះទេ៕
ប្រែសម្រួល៖កែវ បុស្បា
ប្រភព៖ Reuters Iran petrol stations hit by cyberattack, oil minister says