ភ្ញៀវទេសចរជិត ៨ម៉ឺននាក់ បានមកទស្សនាពិព័រណ៍ និងការសម្តែង ទស្សនីយភាព សិល្បៈចម្រុះនានា នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ

(សៀមរាប)៖ ក្នុងរយៈពេល ១០ថ្ងៃ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ ចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃ ១៦ ខែធ្នូ ឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត៨ម៉ឺននាក់ ចូលមកទស្សនាស្តង់ពិព័រណ៍ និងកម្មវិធីសម្តែងទស្សនីយភាពសិល្បៈចម្រុះ នៅខាងមុខប្រាសាទអង្គរវត្ត និងព្រះលានជល់ដំរីនៃក្រុងអង្គរធំ។

យោងតាមរបាយការណ៍អាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្នុងនោះ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនា រោងពិព័រណ៍របស់អាជ្ញាធរជាតិអប្សរាភ្ញៀវជាតិចំនួន ៤ ៥៩៥ អង្គ/នាក់ និងភ្ញៀវបរទេស ចំនួន ៥០៤៨នាក់។ កម្មវិធីល្ខោនយីកេមហាជន ល្ខោនស្បែកធំ និងល្ខោនខោលរឿងរាមកេរ្ត៍ នៅខាងត្បូងប្រាសាទអង្គរវត្ត រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៥ និង ១៦ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ១៤៣៩នាក់ ក្នុងនោះ ភ្ញៀវជាតិចំនួន ១៣៨៦នាក់ និងភ្ញៀវបរទេសចំនួន ៣៥នាក់។

កម្មវិធីរាត្រីចងចាំ សិល្បៈចម្រុះ ល្ខោនបុរាណពោលស្រី និងប្រដាល់ក្បាច់គុណបុរាណខ្មែរ នៅព្រះលានជល់ដំរី ពីថ្ងៃទី១៤ ដល់១៥ និង១៧ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ៖ ៦៩,០០៥នាក់ ភ្ញៀវជាតិ ៦៨ ៧០៥នាក់ (ក្នុងនោះ កម្មវិធីរាត្រីចងចាំ មានភ្ញៀវ ៥៣ ៨២៨នាក់) និងភ្ញៀវបរទេសចំនួន ៣០០ នាក់ ។

របាយការណ៍ បន្ដថា ក្នុងរយៈពេល ១០ថ្ងៃ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ ក្រៅពីការប្រារព្ធនូវពិធីបែបសាសនា ដើម្បីសម្តែងនូវការដឹងគុណ ចំពោះអង្គព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ និងបុព្វការីជនទាំងអស់ ដែលលោកបានខិតខំកសាង និងថែរក្សាប្រាសាទបុរាណទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃនេះ ក៏មានកម្មវិធីទស្សនាស្តង់ពិព័រណ៍ស្តីពីសមិទ្ធផលការងាររយៈពេល៣១ឆ្នាំ របស់អាជ្ញាធរជាតិអប្សរា ការសម្តែងទស្សនីយភាពសិល្បៈបុរាណជាច្រើនទម្រង់ ដើម្បីរួមចំណែកលើកកម្ពស់ស្នាដៃសិល្បៈបុរាណ និងផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕

ដោយ ស៊ាន សុផាត

ads banner