ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Southwest Airlines រងពិន័យ ១៤០លានដុល្លារ

វ៉ាស៊ីនតោន៖ ក្រសួងដឹកជញ្ជូនអាមេរិក (DOT) ក្នុងថ្ងៃចន្ទសប្តាហ៍នេះ ប្រកាសថា ខ្លួនបានពិន័យក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines ចំនួន ១៤០លានដុល្លារ ចំពោះការបរាជ័យក្នុងប្រតិបត្តិការរបស់ខ្លួន នាអំឡុងថ្ងៃឈប់សម្រាកកាលពីឆ្នាំមុន ដែលធ្វើឱ្យអ្នកដំណើរជាងពីរលាននាក់ជាប់គាំង។

ក្រសួងដឹកជញ្ជូនអាមេរិក (DOT) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines បានរងការពិន័យស៊ីវិល ពីបទបំពានច្បាប់ការពារអតិថិជនជាច្រើនលើក ក្នុងអំឡុងពេល និងបន្ទាប់ពីការបរាជ័យក្នុងប្រតិបត្តិការរបស់ខ្លួន ដែលបានលុបចោល ឬពន្យារពេលជើងហោះហើរចំនួន ១៦,៩០០ជើង។

ការស៊ើបអង្កេតរបស់ក្រសួងដឹកជញ្ជូនអាមេរិករកឃើញថា ក្រុមហ៊ុន Southwest Airlines បានបំពានច្បាប់ការពារអតិថិជន ក្នុងនោះមានដូចជា៖ មិនបានផ្តល់ជំនួយគ្រប់គ្រាន់ដល់អតិថិជន, ការធ្វើបច្ចុប្បន្នភាពស្ថានភាពជើងហោះហើរ និងផ្តល់ប្រាក់សំណងវិញភ្លាមៗដល់អតិថិជន ដែលរងការរំខានពីការលុបចោល និងការពន្យារពេលជើងហោះនានា។

ការបរាជ័យរបស់ក្រុមហ៊ុន Southwest Airlines បានកើតឡើងកំលុងពេលមានអាកាសធាតុត្រជាក់ខ្លាំងកាលពីខែធ្នូឆ្នាំមុន លាយឡំនឹងព្រិលធ្លាក់ខ្លាំង ដែលរំខានចរាចរណ៍ពាណិជ្ជកម្មផ្លូវអាកាស និងបង្កភាពចលាចល ក្នុងការធ្វើដំណើររបស់ប្រជាជនអាមេរិករាប់លាននាក់ នាឱកាសបុណ្យណូអែល និងចូលឆ្នាំសកល។

បន្ថែមពីលើប្រាក់ពិន័យ ១៤០លានដុល្លារ ក្រសួងដឹកជញ្ជូនអាមេរិក (DOT) បានបញ្ជាក់ថា ខ្លួនបានបញ្ជាឱ្យក្រុមហ៊ុន Southwest Airlines បង្កើតគម្រោងផ្តល់ប្រាក់សំណងចំនួន ៩០លានដុល្លារ សម្រាប់ផ្តល់ជូនអ្នកដំណើរនាពេលអនាគត ដែលរងផលប៉ះពាល់ពីការពន្យារពេល និងលុបចោលជើងហោះនៅថ្ងៃសំខាន់៕

This image has an empty alt attribute; its file name is photo_2023-12-19_12-48-03-1024x685.jpg

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ads banner