សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Toyota ពិចា រណា ក្នុងការបង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ការងាររវាង បុគ្គលិក កម្ពុជា-ជប៉ុន
(ទីក្រុងតូក្យូ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Toyota ពិចារណា ក្នុងការបង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ការងារ រវាងបុគ្គលិកកម្ពុជា-ជប៉ុន ដើម្បីពង្រឹងនូវការដកបទពិសោធន៍ លើចំណេះដឹង, វិជ្ជាជីវៈ, វប្បធម៌, ប្រពៃណី ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាតឱ្យលោក Ichiro KASHITANI សមាជិកក្រុមប្រឹក្សាភិបាល, ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Toyota Tsusho Corporation ចូលជួបសម្តែងការគួរសម នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ។
លោក Ichiro KASHITANI បានជម្រាបជូនអំពីវឌ្ឍនភាពរីកចម្រើន នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន និងអំពីដំណើរការបង្កើតរោងចក្រដំទ្បើងរថយន្ត Toyota នៅក្នុងប្រទេសកម្ពុជា ដែលបាននិងកំពុងប្រព្រឹត្តទៅ ហើយនឹងរួចរាល់នាពាក់កណ្តាលឆ្នាំ ២០២៤ ខាងមុខនេះ ។
លោកសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Toyota បានសុំការអនុញ្ញាតគោរពអញ្ជើញ សម្តេចនាយករដ្ឋមន្ត្រី ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នាពេលខាងមុខ ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពរីកចម្រើនរបស់ក្រុមហ៊ុន រហូតសម្រេចចិត្តកសាងរោងចក្រ ដំទ្បើងរថយន្ត Toyota នៅកម្ពុជា ។
សម្តេចនាយករដ្ឋមន្ត្រី បានលើកទ្បើងថា ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នេះ ស្របពេល ឆ្នាំ២០១៤ គឺជាឆ្នាំគម្រប់ខួបអនុស្សាវរីយ៍លើកទី៧១ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែល បញ្ជាក់អំពីភាពលូតលាស់រីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
សម្តេចធិបតី បានសម្តែងនូវភាពជឿជាក់ថា តាមរយៈដំណើរការ នៃរោងចក្រដំទ្បើងរថយន្ត Toyota នឹងនាំមកនូវវឌ្ឍនភាពរីកចម្រើនសម្រាប់ក្រុមហ៊ុន ក៏ដូចជាការបង្កើតឱកាសការងារប្រកបដោយគុណភាព និងការបណ្តុះបណ្តាលលើកកម្ពស់ថែមទៀតលើជំនាញវិស្វកម្មរថយន្ត សម្រាប់ប្រជាជនកម្ពុជាផងដែរ ។
លើសពីនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាក្នុងការបង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ការងាររវាងបុគ្គលិកបម្រើការកម្ពុជា-ជប៉ុន ដើម្បីពង្រឹងនូវការដកបទពិសោធន៍លើចំណេះដឹង, វិជ្ជាជីវៈ, វប្បធម៌, ប្រពៃណី ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ៕
ដោយ ៖ វណ្ណលុក