សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល៖ លិខិតរបស់អង្គការបរទេសមួយក្ដាប់តូចដាក់ទៅសភាអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនមានចរិតលក្ខណៈនយោបាយសុទ្ធសាធ
ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សម្តែងការសោកស្តាយជុំវិញក្រុមអង្គការបរទេសចំនួន៦ បានចេញលិខិតចំហមួយដាក់ទៅសភាអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទាក់ទងនឹងការវាយតម្លៃពីការព្រួយបារម្ភ ការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជា ក្រោយពីការការបោះឆ្នោតសកលឆ្នាំ២០២៣នេះ គឺមិនបានឆ្លុះបញ្ជាក់ពីការពិតជាក់ស្តែងនោះទេ ព្រោះថាប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានទទួលស្គាល់នូវសុខសន្តិភាព ដែលបន្តកើតមានមកដល់ពេលបច្ចុប្បន្ននេះ ដោយមិនចង់ឃើញប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមម្តងទៀតនោះទេ ហើយប្រជាពលរដ្ឋទូទៅ រស់នៅដោយទទួលបានសិទ្ធិ សេរីភាពយ៉ាងពេញលេញ មិនដូចការចោទប្រកាន់របស់ក្រុមអង្គការបរទេសមួយក្ដាប់តូច មកបកស្រាយដោយគ្មានទឡ្ហីករណ៍ និងគ្មានមូលដ្ឋានជាក់លាក់នោះឡើយ។
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានចាត់ទុកថា លិខិតរបស់អង្គការបរទេសមួយក្ដាប់តូចនោះ មានចរិតលក្ខណៈនយោបាយសុទ្ធសាធ ដោយមានបំណងធ្វើការមកបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសន្តិភាព និងធ្វើឱ្យមានអសន្ដិសុខដល់ ដល់សង្គមជាតិកម្ពុជាសារជាថ្មីម្តងទៀត។ ក្រុមអង្គការបរទេស ដែលតាំងខ្លួនជាអ្នកដើរតួ អង្គការវាយតម្លៃលើសិទ្ធិមនុស្សក្លែងក្លាយនេះ កំពុងធ្វើសកម្មភាពផ្សព្វផ្សាយផ្ទុយពីការពិតទាំងស្រុង និងមានចេតនាមួលបង្កាច់ទៅលើសកម្មភាពជាក់ស្តែងដែលរាជរដ្ឋាភិបាលបានខិតខំពុះពារ កសាងមាតុភូមិកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងពេញលេញ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសង្គមជាតិកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យទាំងអស់ និងក្រោមស្នាដៃប្រកបដោយគតិបណ្ឌិតដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាបិតាស្ថាបនិក និងប្រតិបត្តិករផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា។
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល រួមសហការគ្នាដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុលនិយម ចេញឱ្យផុតពីព្រះរាជាណាចក្រកម្ពុជា និងសុំធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមអង្គការបរទេស និងក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលនឹងកំពុងធ្វើសកម្មភាពនយោបាយទុច្ចរិត ញុះញង់លាបពណ៌ឲ្យខ្មែរ បែកបាក់សាមគ្គីផ្ទៃក្នុងជាតិ ឆ្លៀតបម្រើនយោបាយឲ្យបរទេស ក្នុងគោលដៅដណ្ដើមអំណាចតាមរូបភាពដោយខុសច្បាប់ ដែលត្រូវយកផ្តន្ទាទោសដោយគ្មានការលើកលែង៕
ដោយ៖ពលជ័យ