សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលថ្កោលទោសចំពោះការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី
ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានយកចិត្តទុកដាក់តាមដាននូវបរិបទសង្គមនយោបាយកម្ពុជា ដោយបានសង្កេតឃើញថា សំណេរអត្ថបទមួយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ចំពោះការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី គឺមានចេតនាលាបពណ៌ញុះញង់បំបែកបំបាក់ផ្ទៃក្នុងជាតិ និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋស្រទាប់យុវជនខ្មែរទាំងមូល ជុំវិញការមិនឱ្យតម្លៃដល់ប្រព័ន្ធអប់រំនៅកម្ពុជា ដោយថាប្រព័ន្ធអប់រំនៅកម្ពុជាគ្មានគុណភាពដោយធៀបទៅនឹងប្រព័ន្ធអប់រំនៅប្រទេសជិតខាងផ្សេងទៅវិញ នេះជាទង្វើប្រមាថ និងប៉ះពាល់ដល់វិស័យអប់រំជាតិយ៉ាងខ្លាំងដោយមិនអាចទទួលយកបានឡើយ។
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សូមធ្វើការថ្កោលទោសចំពោះការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ទាំងស្រុង និងសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ឈប់ជឿទៅលើសកម្មភាពបោកប្រាស់របស់ទណ្ឌិត សម រង្ស៊ី តទៅទៀត ដោយយោងលើសំណេរ និងការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ពិតជាមានចេតនានយោបាយជ្រុលនិយម ដែលការលើកឡើងនោះ គឺបានប៉ះពាល់ដល់ប្រព័ន្ធអប់រំជាតិយ៉ាងធ្ងន់ធ្ងរបំផុត និងបានបន្តធ្វើសកម្មភាពដោយខុសច្បាប់នៅក្រៅប្រទេស ក្នុងគោលបំណងបំផ្លិចបំផ្លាញសន្តិភាព និងធ្វើឱ្យសង្គមជាតិមានភាពចលាចល។
យើងជាជនរួមជាតិខ្មែរត្រូវរួមគ្នាលុបបំបាត់ចោលនូវមនោគមវិជ្ជានយោបាយជ្រុលនិយម គឺជាភាពចាំបាច់ និងត្រូវមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ព្រោះមនោគមន៍វិជ្ជាជ្រុលនិយមរបស់ទណ្ឌិត សម រង្ស៊ី ដែលសាបព្រោះមកនេះពិតជាគ្រោះថ្នាក់ដល់ ជាតិ សាសនា ព្រះមហាក្សត្រ។ ទណ្ឌិត សម រង្ស៊ី គឺជាជនសាងគ្រោះឱ្យជាតិ ដែលត្រូវកម្ចាត់ចោលដោយមិនអាចលើកលែងបានឡើយ ដើម្បីភាពសុខសាន្តរបស់ជាតិ និងប្រជាជនយូរអង្វែងរាប់ជំនាន់ទៅមុខទៀត៕
ដោយ៖ពលជ័យ