ក្រុមបាល់ទាត់ចំនួន១១ ចូលរួមកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌ អង្គការ ផ្កាយសមុទ្រលើកទី២
ភ្នំពេញ អង្គការផ្កាយសមុទ្រកម្ពុជា បានរៀបចំកម្មវិធី ការប្រកួត បាល់ទាត់សប្បុរសធម៌លើកទី២របស់ខ្លួន ដែលមានក្រុមចូលរួម មកពីបណ្តាក្រុមហ៊ុនចំនួន១១ នៅទីលានបាល់ទាត់អង្គកាផ្កាយ សមុទ្រកម្ពុជា។
ការប្រកួតសប្បុរសធម៌លើកទី២នេះ បានរៀបចំឡើង ក្នុងគោល បំណង ចូលរួមចំណែកលើកកម្ពស់សុខភាព ផ្តល់ភាពសប្បាយរីករាយ និង ឱកាស កសាងមិត្តភាព តាមរយៈការលេងកីឡា។
អ្នកស្រី ជួប វិច្ឆិកា អគ្គនាយិកាអង្គការផ្កាយសមុទ្រកម្ពុជា បានមាន ប្រសាសន៍ថា តំណាងឱ្យអង្គការផ្កាយសមុទ្រកម្ពុជាអ្នកស្រី ពិតជា មានអារម្មណ៍រំភើបរីករាយខ្លាំងណាស់ ដែលបានឃើញមានការចូល រួមយ៉ាងច្រើនកុះករពីបងប្អូនស្រឡាញ់បាល់ទាត់មកពីក្រុមបណ្ដាក្រុមហ៊ុននានា ប្រកបដោយទឹកចិត្តសប្បុរសធម៌ ជួយរួមចំណែក ក្នុងការងារ សង្គមនិងកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ ឱកាសដល់កុមារក្រីក្រនូវឱកាសរៀនសូត្រដ៏មានគុណភាពនិងជាពិសេសគឺចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅប្រទេសយើងឱ្យកាន់តែរីកចម្រើនទៅមុនផងដែរ។
អ្នកស្រីបន្តថា កម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌លើកទី២រ បស់ អង្គការផ្កាយសមុទ្រឆ្នាំនេះពិតជាបានបង្កើតអនុស្សាវរីយ៍ថ្មីៗនិងល្អៗដល់ក្រុមបាល់ទាត់ចូលរួមទាំងអស់។ទន្ទឹមនឹងនេះបានពង្រឹងស្មារតីក្រុម ពង្រីកទំនាក់ទំនងនិងបង្កើតវប្បធម៌ចែករំលែកក្នុងសង្គមកម្ពុជាទាំងមូលទៀតផង។
ជោគជ័យនៃព្រឹត្តិការណ៍នេះនឹងមិនអាចកើតឡើងទៅរួចឡើយប្រសិនបើមិនមានការចូលរួមពី លោកអ្នកទាំងអស់មកពីក្រុមហ៊ុនទាំង១១ ។គោលដៅនៃការប្រកួតបាល់ទាត់សប្បុរសធម៌ គឺដើម្បីបង្កើតទំនាក់ទំនង រ វាងក្រុមហ៊ុនសាជីវកម្មនានាតាមរយៈការប្រកួតប្រជែងមិត្តភាព ប្រធានបទ នៃព្រឹត្តិការណ៍ឆ្នាំនេះផ្តោតលើការកសាងទំនាក់ទំនង ការពង្រឹងសមត្ថភាពកីឡា និងការប្តេជ្ញាចិត្តចំពោះការងារ សប្បុរស ធម៌។
លោកស្រីប្រធានអង្គការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការគាំទ្រដូចជា៖ក្រុមហ៊ុន Beverage Company, Hospicare, Eleven One Kitchen, and Fly Phnom Penh ។បើគ្មានគ្មានកិច្ចសហការគាំទ្រទាំងអស់នេះទេ វាក៏គ្មានការ ប្រកួតដ៏សប្បាយរីករាយនេះកើតឡើងមកដែរ។
ជាមួយគ្នានេះផងដែរ លោកផាត ផានិត មកពីក្រុម Spean Thmor United បាននិយាយថា នេះជាលើកដំបូងរបស់ខ្ញុំ ដែលចូលរួមក្នុង កម្មវិធីការប្រកួតបាល់ទាត់សប្បុរសធម៌របស់អង្គការផ្កាយសមុទ្រ។កម្មវិធីនេះបានអនុញ្ញាតឱ្យខ្ញុំភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនផ្សេងៗគ្នាខណៈពេលដែលបានរួមចំណែកយ៉ាងមានអត្ថន័យដើម្បីជួយដល់កុមារ និងសហគមន៍រក្រីក្រ ។ ខ្ញុំមើលឃើញថា កម្មវិធី ការប្រកួតបាល់ទាត់ សប្បុរសធម៌ជាឱកាសដ៏ធំធេងសម្រាប់បុគ្គលវ័យក្មេងនិងក្រុមហ៊ុននានាក្នុងការរួបរួមនិងបំផុសក្តីសង្ឃឹម ដែលអាចឱ្យកុមារក្រីក្រទទួល បានការអប់រំ។
លោក រ៉ាវុធ មកពីក្រុម AIA Cambodia បាននិយាយថា AIA Cambodia បានចូលរួមកម្មវិធីនេះ ចាប់តាំងពី ការប្រកួតបាល់ទាត់ សប្បុរសធម៌ លើកទីមួយ ដែលមានគោលបំណងជំរុញទឹកចិត្តកីឡា និងការងារសប្បុរសធម៌សម្រាប់បុគ្គលិកAIAទាំងអស់។បទពិសោធន៍ របស់ខ្ញុំនៅក្នុងកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌លើកទី២នេះ ពិតជា សប្បាយរីករាយណាស់ ព្រោះវាអនុញ្ញាតឱ្យខ្ញុំបានបណ្តុះមិត្តភាព និង បង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយមិត្តរួមការងារនូវAIACambodiaនិងអ្នកតំណាងមកពីក្រុមហ៊ុនផ្សេងៗក្នុងប្រទេសកម្ពុជា។ខ្ញុំសូមអំពាវ នាដល់ក្រុមហ៊ុននានាដែលមិនទាន់បានចូលរួមជាមួយអង្គការផ្កាយសមុទ្រ អាចចុះឈ្មោះចូលរួមនៅឆ្នាំក្រោមទាំងអស់គ្នា៕
ដោយ៖ ជាវ ចន្ធូ