កាណាដាចំណាយជិត ២ពាន់លានដុល្លារ ទិញយន្តហោះដ្រូនប្រដាប់អាវុធពីសហរដ្ឋអាមេរិក

អូតាវ៉ា៖ រដ្ឋាភិបាលកាណាដា នៅថ្ងៃអង្គារសប្តាហ៍នេះ ប្រកាសថា ខ្លួននឹងទិញយន្តហោះដ្រូនប្រដាប់អាវុធចំនួន ១១គ្រឿង ពីក្រុមហ៊ុនអាមេរិក General Atomics ក្នុងបំណងដាក់ពង្រាយសម្រាប់ប្រតិបត្តិការយោធាបរទេស ក៏ដូចជាការត្រួតពិនិត្យនៅតាមឆ្នេរសមុទ្រ និងការសង្គ្រោះគ្រោះមហន្តរាយ។

Read. កាណាដាគ្រោងចំណាយថវិកា ២.៤៩ពាន់លានដុល្លារកាណាដា ឬប្រមាណ ១.៨៧ពាន់លានដុល្លារ ដើម្បីបញ្ជាទិញយន្តហោះដ្រូនប្រដាប់អាវុធពីសហរដ្ឋអាមេរិក។ ក្នុងនោះក៏រួមមានស្ថានីយត្រួតពិនិត្យដីគោក ឃ្លាំងស្តុក និងមីស៊ីល Hellfire ក៏ដូចជាការហ្វឹកហាត់ប្រើប្រាស់។ ក្រុមយន្តហោះដ្រូន MQ-9B ត្រូវបានគេរំពឹងថា នឹងដឹកជញ្ជូនមកកាណាដានៅឆ្នាំ ២០២៨។

រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Bill Blair និយាយថា ការទិញនេះនឹងធានាថា ប្រទេសកាណាដាមានភាពទំនើបផ្នែកយោធា ដើម្បីត្រៀមខ្លួនឆ្លើយតបនឹងស្ថានការណ៍វិវត្ត និងការប្រឈមមុខជុំវិញបញ្ហាសន្តិសុខ។ សេចក្តីថ្លែងការណ៍មួយ បានឱ្យដឹងថា យន្តហោះដ្រូននេះនឹងត្រូវដាក់បញ្ឈរជើងនៅមូលដ្ឋានឆ្នេរសមុទ្រកាណាដាប៉ាស៊ីហ្វិក និងអាត្លង់ទិក ក៏ដូចជាតំបន់អាក់ទិក។

គួរបញ្ជាក់ផងដែរថា ការទិញយន្តហោះដ្រូនប្រដាប់អាវុធខាងលើ កើតឡើងស្របពេលដែលកងទ័ពអាកាសកាណាដា បាននឹងកំពុងធ្វើទំនើបកម្មកងយន្តហោះចាស់ៗរបស់ខ្លួន ជាមួយនឹងយន្តហោះចម្បាំង F-35 ថ្មី, យន្តហោះដឹកប្រេង, យន្តហោះចារកម្ម និងឧទ្ធម្ភាគចក្រជួយសង្គ្រោះជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner