ប៉ារ៉ាហ្គាយសម្លាប់ជនសង្ស័យ ៩នាក់ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមរត់ពន្ធគ្រឿងញៀន និងអាវុធខុសច្បាប់
អាសង់ស្យុង៖ លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនជាតិ (Senad) បានរាយការណ៍ថា ក្រុមជួញដូរគ្រឿងញៀនសរុបចំនួន ៩នាក់ត្រូវបានសម្លាប់ និង ១០នាក់ត្រូវចាប់ខ្លួន នៅថ្ងៃអង្គារសប្តាហ៍នេះ។
នៅក្នុងប្រតិបត្តិការបង្ក្រាបក្រុមរត់ពន្ធគ្រឿងញៀន និងអាវុធខុសច្បាប់ ក្នុងទីក្រុង Salto del Guairá ជាក្រុងជាប់ព្រំដែនជាមួយប្រទេសប្រេស៊ីល នៅថ្ងៃអង្គារសប្តាហ៍នេះ ក្រុមជួញដូរគ្រឿងញៀនសរុបចំនួន ៩នាក់ត្រូវបានសម្លាប់ និង ១០នាក់ត្រូវចាប់ខ្លួន នេះបើតាមសេចក្តីរាយការណ៍ពីលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនជាតិ (Senad)។
ប្រធានប្រឆាំងគ្រឿងញៀនប៉ារ៉ាហ្គាយ លោក Javier Rachid បានរាយការណ៍នៅក្នុងសន្និសីទកាសែតថា កងកម្លាំងចម្រុះមានទាំងយោធា និងប៉ូលិសបានឆ្មក់ចូលកសិដ្ឋានដ៏ប្រណិតមួយកន្លែង ដែលជាកម្មសិទ្ធិបុរសជនជាតិប្រេស៊ីល Ricardo Luis Picolotto ហៅឈ្មោះកាត់ថា R7 ហើយឈានដល់ការចាប់ខ្លួនរូបគេ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាម។
លោក Rachid និយាយថា ជនសង្ស័យរូបនេះ គឺជាមេខ្លោងជួញដូរគ្រឿងញៀន ដែលជាប់ចោទពីបទចែកចាយអាវុធ និងគ្រឿងញៀនដល់ទីបញ្ជាការ (PCC) មានមូលដ្ឋាននៅប្រទេសប្រេស៊ីល ដើម្បីបង្កអំពើឧក្រិដ្ឋកម្ម។
ក្នុងអំឡុងពេលវាយឆ្មក់នៅឯកសិដ្ឋានខាងលើ អាជ្ញាធររឹបអូសបានគ្រាប់រំសេវមួយចំនួន, កាំភ្លើងស្វ័យប្រវត្តិប្រហែល ៤០ដើម (មួយក្នុងចំណោមនោះ ជាកាំភ្លើងប្រឆាំងយន្តហោះ), អាវកាក់ការពារគ្រាប់កាំភ្លើង, វិទ្យុទាក់ទង និងទូរស័ព្ទដៃ ព្រមទាំងរថយន្តទំនើបៗជាច្រើនគ្រឿង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា