ចំនួនបទល្មើសកាប់ទន្រ្ទានដីព្រៃក្នុងឆ្នាំ២០២៣ មានចំនួនសរុប ៥៩៧ ថយចុះ ២៨ភាគរយធៀបនឹងឆ្នាំ២០២២

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៣នេះចំនួនបទល្មើសកាប់ទន្រ្ទានដីព្រៃកើតមានឡើងក្នុងឆ្នាំ ២០២៣មានចំនួន ៥៩៧ករណីពោលគឺមានការថយចុះប្រមាណ ២៣៣ ករណីស្មើនឹង២៨ភាគរយបើធៀបនឹងឆ្នាំ២០២២កន្លងមកមានចំនួន ៨៣០ករណី ។ នេះបើតាមរបាយការណ៍ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣និងទិសដៅការងារឆ្នាំ២០២៤ ។

យោងតាមរបាយការណ៍ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ដែលបានរៀបចំឡើងនាទីស្តីការក្រសួងបរិស្ថានពីថ្ងៃទី ២០,២១ខែធ្នូ ឆ្នាំ២០២៣បានឱ្យដឹងដែរថាសម្រាប់ទំហំផ្ទៃដីបង្រ្កាបបានក្នុងឆ្នាំ២០២៣ មានចំនួន ៥៨៥ហិកតា គឺថយចុះ ៤១៥,០៨ហិកតាស្មើនឹង ៤១,៥ភាគរយបើធៀបនឹងឆ្នាំ២០២២មានចំនួន ១០០១,០៨ហិកតា។

ក្រសួងបរិស្ថានបានឱ្យដឹងដែរថាសម្រាប់បញ្ហាប្រឈមរបស់ក្រសួងនាពេលនេះគឺការកាប់ទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធដោយខុសច្បាប់,ការកាប់ឈើធ្វើអាជីវកម្ម,ការបរបាញ់សត្វព្រៃ,ការនេសាទ,និងការរុករករ៉ែជាដើម ។

បើតាមរបាយការណ៍ដដែលខាងលើនេះបានឱ្យដឹងបន្ថែមថា៖សម្រាប់តំបន់ការពារធម្មជាតិនៅកម្ពុជាមានចំនួន ៧៣កន្លែង មានទំហំដីសរុប ៧០៤៦៨៦៣,៤៦ហិកតា ដែលក្នុងចំណោម៧៣កន្លែងនេះរួមមាន៖តំបន់ឧទ្យានជាតិចំនួន ៩កន្លែង .តំបន់ដែនជម្រក
សត្វព្រៃ ចំនួន ១៨, តំបន់ការពារទេសភាពចំនួន១៤, តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន ១១, តំបន់រ៉ាមសារចំនួន ៥,តំបន់បេតិភណ្ឌធម្មជាតិចំនួន ១៤ និងតំបន់ឧទ្យានជាតិសមុទ្រចំនួន ២ ។

គួរបញ្ជាក់ថាសម្រាប់មន្រ្តីឧទ្យានុរក្ស និង មន្រ្តីរាជការស៊ីវិលដែលកំពុងបម្រើការងារក្នុងតំបន់ការពារធម្មជាតិសរុបចំនួន ១១១៦(ស្រ្តី៣៦) នាក់ ៕

ដោយ ៖ ម៉ាដេប៉ូ ,រូបគ្រីសម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner