សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ធនាគារជាតិ នៃកម្ពុជា បានធ្វើទំនើបកម្មប្រព័ន្ធធនាគារច្រើនណាស់ ដែលធ្វើឱ្យការទូទាត់សេវាផ្សេងៗកាន់តែងាយស្រួល
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ធនាគារជាតិកម្ពុជា បានធ្វើទំនើបកម្មប្រព័ន្ធធនាគារច្រើនណាស់ ក្នុងនោះមានទូទាត់ផ្សេងៗដោយប្រើ QR Code ដែលធ្វើឱ្យការទូទាត់សេវាផ្សេងៗកាន់តែងាយស្រួល ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារវីងថៅវើ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។
សម្ដេចធិបតី មានប្រសាសន៍ថា ថ្មីៗនេះ ធនាគារជាតិ បានដើរតួនាទីយ៉ាងសកម្ម ចរចារជាមួយបណ្ដាប្រទេស ទាំងអស់ ក្នុងការរៀបចំប្រព័ន្ធទំនាក់ទំនងជួយដល់ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ផ្សេងៗ តាមរយៈការរៀបចំប្រព័ន្ធទូទាត់ត្រង់ ក៏ដូចជាការដាក់ឱ្យប្រើ QR Code ផ្សេងៗ ទៅគ្រប់ប្រទេស ដោយកាលពីទៅប្រទេសជប៉ុន ក៏យើងបានធ្វើ ។
សម្ដេចបន្តថា និន្នាការពិភពលោកបច្ចុប្បន្ន ការកាន់លុយដើរ វាមិនមានទៀតទេ ព្រោះវាទាក់ទងនឹងសុវត្ថិភាព ទាក់ទងនឹងច្បាប់ប្រទេសនីមួយៗ ។ សម្ដេចថា កាលពីទស្សវត្ស៍ ៨០ និង ៩០ សម្ដេចជួនកាលដាក់ជាថវិកាយួរដៃទៅ គឺបញ្ហាហើយ ។
សម្ដេចធិបតី បានបន្ថែមថា ទេសចរណ៍ នៅក្រៅប្រទេស និងក្នុងប្រទេស បងប្អូនភាគច្រើនក៏ប្រើ QR Code ដែរ ។ សម្ដេចថា ថ្ងៃមុន មានគេធ្វើទីកតុករឿង QR Code ដោយកន្លែងខ្លះទិញផលិតផលមួយចំនួន គឺប្រើ QR Code ។ ដូច្នេះការទូទាត់នេះ វាជារបត់បច្ចុប្បន្ន និងទៅអនាគត ។
សូមជម្រាបថា ការទូទាត់ប្រាក់តាមរយៈទូរស័ព្ទ និងធនាគារជំនាន់ថ្មី ធ្វើឱ្យជីវិតកាន់តែមានភាពងាយស្រួល ជាមួយនឹងការរួមបញ្ចូលគ្នាតែមួយ នៃការទូទាត់ប្រាក់តាមរយៈទូរស័ព្ទ និងកម្មវិធីធនាគារ ។
ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជា បានបង្កើត ប្រព័ន្ធបាគង ឡើង ដែលជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ ដោយតភ្ជាប់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្តល់សេវាទូទាត់នៅកម្ពុជា ដើម្បីអនុញ្ញាតឲ្យអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទ ពីធនាគារមួយទៅធនាគារមួយទៀត ឬពីក្រុមហ៊ុនផ្តល់សេវាទូទាត់ណាមួយទៅសមាជិកដ៏ទៃទៀត ជាមួយនឹងភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងចំណាយតិច ។
លោកស្រី អ៊ុង សុម៉ី អ្នកវិភាគផ្នែកពាណិជ្ជកម្ម នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៣ បាគង មានគណនីប្រមាណ ១១លានគណនី ដែលក្នុងនោះរួមមាន អ្នកប្រើប្រាស់ដោយផ្ទាល់ និងមិនផ្ទាល់ ។
លោកស្រីបានបន្ថែមថា ៖ អេប បាគង ជួយជំរុញដល់ការទូទាត់ ក្នុងប្រទេសកម្ពុជា ឆ្លងកាត់ធនាគារដោយរហ័ស និងទូទាត់បានភ្លាមៗ។ បច្ចុប្បន្ន មានសន្ទុះខ្លាំង អ្នកប្រើប្រាស់ បានកើនឡើងជាពិសេសនៅពេលការបញ្ចូល Kh QR ទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ៕
អត្ថបទ ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត ,សួង ពិសិដ្ឋ