សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាមសម្រាប់ចិញ្ចឹមរាង្គកាយមនុស្ស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្សនោះដែរ។ ទន្ទឹមនឹងនេះ ការសម្រេចវិនិយោគសាងសង់អគារខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ច, ភាពរឹងមាំ និងភាពធន់របស់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា។ កាបញ្ជាក់របស់សម្តេចធិបតី បានធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការអគារធនាគារវីងថៅវើ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតី បានមានប្រសាសន៍បន្តទៀតថា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល, រាជរដ្ឋាភិបាលនីតិកាល ទី៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សំដៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ និងដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤, ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសកល ដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីស្នូល និងជាចលករសំខាន់គ្របដណ្តប់លើគ្រប់ ទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, រួមទាំងវិស័យហិរញ្ញវត្ថុ និងធនាគារ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលមានចក្ខុវិស័យរយៈពេលវែង ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរវិត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់ភាពប្រកួតប្រជែងក្នុងវិស័យធនាគារ។ ទន្ទឹមនេះ ក៏ជាសមិទ្ធផលមួយដ៏មានសារៈសំខាន់ គួរជាទីមោទនភាព សម្រាប់ជាមគ្គុទេសក៍ ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ «បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech» សំដៅចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។ ក្របខ័ណ្ឌគោលនយោបាយទាំងនេះនឹងមានសារៈសំខាន់សម្រាប់វិស័យធនាគារ នៅកម្ពុជាក្នុងបរិការណ៍នៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ការចាប់យក និងការសម្របខ្លួនទៅនឹងប្រព័ន្ធឌីជីថលរបស់ធនាគារ មិនត្រឹមតែរួមចំណែកលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព។

ក្នុងឱកាសនៃពិធីនោះផងដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះធនាគារវីង ដែលបានសហការជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាល តាមរយៈការជួយអនុវត្តគោលនយោបាយគាំពារសង្គម គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតដល់ ខែតុលា ឆ្នាំ២០២៣ ដោយសម្រួលក្នុងការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដល់ប្រជាជនប្រមាណ៨០ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនចំនួនជាង៣,៣ លាននាក់, តាមបណ្ដាញភ្នាក់ងារវីងជាង ១៥០០០កន្លែង។ ការវិវឌ្ឍរបស់ធនាគារវីង បានគាំទ្រ និងជួយជំរុញដំណើរប្រព្រឹត្តទៅនៃរដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការទូទាត់សេវាកម្មរដ្ឋ និងសាធារណៈជាច្រើន ហើយនាពេលថ្មីៗនេះ ធនាគារបានធ្វើកិច្ចសហការជាមួយក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានព្រមព្រៀងផ្តល់កម្ចីឥណទានប្រមាណ៥លានដុល្លារអាមរិក ដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប ដើម្បីជួយដល់ប្រជាកសិករ ក៏ដូចជា អ្នកជំនួញក្នុងវិស័យកសិកម្ម សំដៅលើកកម្ពស់កម្លាំងថាមពលនៅក្នុងការជួយជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យបានបោះជំហានទៅមុខមួយកម្រិតទៀត។ លើសពីនេះ ធនាគារវីង ក៏បានបង្កើតភាពជាដៃគូសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជួយសម្រួលទៅដល់យុវជន ឱ្យទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុចាំបាច់នានា ក្នុងការបង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេ តាមរយៈការទទួលបានបទពិសោធន៍ហិរញ្ញវត្ថុនៃធនាគារឌីជីថលទំនើប ក៏ដូចជាចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner